ដោយ ជី រដ្ឋា, សាន ផល្លា, សួង សុខរ៉ូ, វ៉ា បុប្ផារី,
ណាំ សូវៀត, សេង ស៊ីថា និង ថន ស៊ុយទ្រី
រឿងនាងបដាចារ ជារឿងមួយស្ថិតនៅក្នុងចំណោមរឿងដទៃទៀត ក្នុងគម្ពីរធម្មបទគាថា ដែលខ្មែរពេញនិយម និងស្គាល់ជាទូទៅ។ ឯធម្មបទគាថា ឬគាថាធម្មបទនោះសោតស្ថិតក្នុងក្រុមគម្ពីរ សុត្តន្តបិតក ភាគទី៥២។ ក្នុងនោះមាន២៦វគ្គ ចាប់វគ្គទី១ ហៅថា«យមកវគ្គ» រហូតដល់វគ្គទី២៦ ឈ្មោះ «ព្រាហ្មណ៍វគ្គ»។ ចំណែករឿងនាងបដាចារ ដែលមានចំណងជើងដើមក្នុងគម្ពីរថា «បដាចារាថារី» ស្ថិតនៅក្នុងវគ្គទី៨ ឈ្មោះថា «សហស្សវគ្គ»។ ខ្មែរជ្រួតជ្រាបរឿងនេះខ្លាំង រហូតដល់មានជាគំនូរតាមព្រះវិហារ, តែងជាបទចម្រៀង និងថតជាខ្សែភាពយន្តទៀតផង។ សាច់រឿងទាំងមូលនិយាយពីសេចក្តីទុក្ខសោកសង្រេងនិរាសព្រាត់ប្រាសកំសត់យ៉ាងក្រៃលែងរបស់នាងបដាចារ។ សាច់រឿងនោះ អាចនិទានខុសគ្នាខ្លះ បន្តិចបន្តួច ដែលមានដំណើរយ៉ាងសង្ខេបដូច្នេះថា ៖ នាងបដាចារជាកូនសេដ្ឋីម្នាក់នៅក្រុងសាវត្ថី។ ថ្ងៃមួយនាងមានសេចក្តីចាប់ចិត្តស្រឡាញ់ស្នេហាទៅលើមាណពម្នាក់ជាអ្នកបម្រើ ដែលជាហេតុធ្វើឲ្យសេដ្ឋីជាឪពុកខឹងសម្បារនិងបណ្តេញនាងនិងចៅមាណពចេញពីផ្ទះ។ ពួកគេក៏នាំគ្នាទៅសង់ខ្ទមមួយនៅស្រុកឆ្ងាយរស់នៅក្រកំសត់ ហើយបានកូនប្រុស២នាក់។ ថ្ងៃមួយនាងនិងប្តីក៏នាំកូនធ្វើដំណើរកាត់វាលចូលព្រៃបំណងសម្តៅមកជួបឪពុកម្តាយ។ នៅតាមផ្លូវចៅមាណពជាប្តីក៏ត្រូវពស់ចឹកស្លាប់។ នាងក៏នាំកូនទាំង២បន្តដំណើរទៅមុខទៀត។ ជួនជាដំណើរនោះត្រូវឆ្លងស្ទឹង នាងក៏បីកូនខ្ចីទៅផ្តេកចោលនៅត្រើយស្ទឹងម្ខាងមុន ហើយត្រឡប់មកយកកូនបងវិញ។ ពេលមកដល់ពាក់កណ្តាលស្ទឹង មានសត្វខ្លែងមួយមកឆាបកូនខ្ចីនោះទៅ។ ឯនាងបដាចារឃើញហើយក៏ស្រែកបង្អើលលើកដៃទាំងពីរទះផង បក់ផង។ ចំណែកកូនប្រុសនៅឯត្រើយស្ទឹង ឃើញម្តាយបក់ដៃក៏ស្មានតែម្តាយបក់ហៅឲ្យចុះ ក៏ចុះទឹកលង់ស្លាប់ទៅ។ មកដល់ក្រុងសាវត្ថី ក៏ឃើញថាផ្ទះឪពុកម្តាយឆេះខ្ទេច ឯលោកទាំងពីរក៏បាត់បង់ជីវិតនៅក្នុងភ្លើងនោះទៀត (ចំណែកគំនូរវត្តធនមន្តនិយាយថាមានខ្យល់ព្យុះកំណាចបោកបក់ផ្ទះសេដ្ឋីដួលរលំសង្កត់សេដ្ឋីនិងភរិយាស្លាប់)។ នាងបដាចារមានទុក្ខត្រួតលើទុក្ខហួសប្រមាណក៏ទៅជាបាត់ស្មារតី ឆ្កួតលីលា ត្រាច់ចរតែឯង សូម្បីសំពត់អាវក៏របូតដាច់ដាច។ ក្មេងៗកូនអ្នកស្រុកឃើញហើយ ក៏ចោមរោមរើសដុំដី ដុំថ្មគប់លើនាង ឲ្យរងទុក្ខពន់ប្រមាណ។ ដើរបណ្តើរ ទួញយំតែឯងបណ្តើរ ក៏ទៅដល់វត្តជេតពន។ គាប់ជួនថ្ងៃនោះ ព្រះសម្មាសម្ពុទ្ធកំពុងសម្តែងព្រះធម៌ទេសនាប្រោសបរិស័ទ ព្រះអង្គទ្រង់ទតយល់នាងបដាចារហើយក៏ទ្រង់ត្រាស់ដាស់តឿននាងឲ្យមានសតិជានាធម្មតាវិញ ហើយសម្តែងព្រះធម្មទេសនាឲ្យនាងបានសម្រេចសោតាបត្តិផង។ សម័យក្រោយមកទៀត នាងបដាចារក៏ចូលបួសជាភិក្ខុនីទៅ។
បើនិយាយពីរឿងនាងបដាចារដែលយកមកគូរនៅតាមវត្តវិញ ឃើញមានច្រើនកន្លែងដែរ។ វត្តខ្លះក៏គូរតែបន្តិចបន្តួច បង្ហាញតែឈុតសំខាន់ត្រង់ចៅមាណពត្រូវពស់ចឹក និងត្រង់ឈុតឆ្លងទឹក មានខ្លែងឆាបកូនខ្ចី និងកូននាងលង់ទឹក។ ដោយឡែកវត្តធនមន្ត ស្ថិតនៅ ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាលវិញ នៅសាលាប្រជុំបុណ្យខាងជើងគូររឿងនាងបដាចារតាំងពីដើមដល់ចប់សារុបទាំងអស់មាន៣៩ផ្ទាំង ហើយនៅខាងក្រោមផ្ទាំងនីមួយៗនោះសោត ក៏មានសំណេរសាច់រឿងខ្លីៗផង។ ផ្ទាំងគំនូរទាំងនេះគូរតាំងពីឆ្នាំ១៩៨៤មកម្ល៉េះ ពោលគឺនៅពេលដែលស្រុកខ្មែរទើបរួចចេញពីសង្គ្រាម និងរបបខ្មែរក្រហមដួលរលំមិនបានប៉ុន្មានឆ្នាំ។ គំនូររឿងនាងបដាចារ (ក៏ដូចជាគំនូរផ្សេងទៀតនៅក្នុងវត្តធនមន្តទាំងមូល) គឺគូរដោយព្រះសង្ឃដែលគង់ក្នុងវត្តនេះផ្ទាល់តែម្តង។ គំនូរនេះមានលក្ខណៈពិសេសណាស់ ដ្បិតក្នុងគំនូរបង្ហាញពីបរិយាកាស សង្គមខ្មែរនាកាលនោះដែលជាងគំនូរបានរស់នៅផ្ទាល់ បានឃើញជាក់ស្តែង ពោលគឺទាំងទិដ្ឋភាពភូមិស្រុក សំណង់អាគារ ផ្ទះសម្បែង សម្លៀកបំពាក់ និងការតុបតែងខ្លួនជាដើម។ ឯសំណេរជាសេចក្តីនិទានរៀបរាប់សាច់រឿងនោះទៀតសោត ក៏សុទ្ធសឹងជាពាក្យពេចន៍បែបភាសាសាមញ្ញធម្មតា ងាយស្តាប់ ងាយយល់ ជាការតាក់តែងបញ្ចេញបញ្ចូលផ្ទាល់របស់ជាងគំនូរ ពោលគឺពុំមែនជាសេចក្តីស្រង់ចេញមកពីគម្ពីរធម្មបទគាថានោះឡើយ។ នេះហើយជាផ្នែកមួយដែលឆ្លុះបញ្ចាំងពីឥទ្ធិពលនៃព្រះពុទ្ធសាសនាខ្មែរដែលជ្រួតជ្រាប ហើយសម្តែងចេញជារូបភាពផ្សេងៗដោយសម្របខ្លួន ទៅតាមបែបបទនិងរសជាតិនៃសាសន៍ខ្មែរ។
ជាការគួរឲ្យសោកស្តាយដែលគំនូរទាំងនេះ ផ្ទាំងខ្លះចាប់ផ្តើមរលុបជាបណ្តើរៗហើយ ដោយសារពុំមានការថែទាំ និងជួសជុលត្រឹមត្រូវ។ ចំណែកសេចក្តីសាច់រឿងត្រង់ឈុតខ្លះរលុបទាំងស្រុង ឯខ្លះទៀតនៅអានដាច់បានដោយអន្លើ។ តទៅនេះ យើងខ្ញុំសូមបង្ហាញគំនូររឿងនាងបដាចារ អមដោយសំណេរសាច់រឿងដើមទាំងស្រុង ដោយគ្រាន់តែសម្រួលមកជារបៀបសរសេរបច្ចុប្បន្នឲ្យស្របតាមវចនានុក្រមខ្មែរ។ ត្រង់ណារលុបបាត់សេចក្តីហើយ ឬយើងអានពុំដាច់ យើងសូមប្រើសញ្ញាឃ្នាបដោយមានចុចបី និងសញ្ញាសួរនៅខាងក្នុង « […?] »។ ឯឈ្មោះនាងបដាចារ ដែលគេសរសេរជា «នាងបណ្តាចា» យើងសូមរក្សារបៀបនេះដដែល។
រឿងនាងបដាចា
ជញ្ជាំងខាងជើង៖