• Home
  • Contact Us
  • Links
  • Sponsorship
  • Register
Logo
logo
Logo
  • អត្ថបទថ្មីៗ
  • ពីនិពន្ធនាយក
  • ជំពូក១ ៖ របរចិញ្ចឹមជីវិត, ឧបករណ៍
  • ជំពូក២ ៖ ជំនឿ, ទំនៀមទម្លាប់
  • ជំពូក៣ ៖ សិល្បៈ , អក្សរសាស្រ្ត
  • ជំពូក៤ ៖ មរតកបុរាណ, ប្រវត្តិសាស្រ្ត
  • ជំពូក៥ ៖ ភូមិសាស្រ្ត, បរិស្ថាន, ធម្មជាតិ
  • ជំពូក៦ ៖ សម្រង់, ភាសាសាស្រ្ត
  • ជំពូក៧ ៖ សម្លេង, កុន

ល្ខោនខោល ៖ មរតករស់នៃសហគមន៍ស្វាយអណ្តែត

ដោយ សាន ផល្លា

«ល្ខោនខោល» ជាល្ខោនមួយបែបដែលអ្នករាំពាក់មុខខ្មុកសម្ដែង (ប៉ុន្តែនៅវត្តស្វាយអណ្ដែត តួអង្គព្រះរាមនិងព្រះលក្ស្មណ៍មិនពាក់មុខខ្មុកទេ)។ អ្នកសម្ដែងសុទ្ធតែជាមនុស្សប្រុស ហើយរឿងដែលយកមកសម្តែងមានតែរឿងរាមកេរ្តិ៍មួយមុខប៉ុណ្ណោះ។ ល្ខោននេះកំដរដោយភ្លេងពិណពាទ្យ ដោយមានអ្នកពោលរៀបរាប់ពីដំណើររឿង ហើយតួអង្គធ្វើកាយវិការតាមសម្ដីអ្នកពោលនោះ។ ការពោលនេះហើយ ដែលជួយឲ្យទស្សនិកជនយល់ពីសាច់រឿង។ ហេតុនេះ ជាទូទៅ អ្នកពោលមានតួនាទីសំខាន់ណាស់នៅក្នុងវង់ល្ខោន ដ្បិតជាអ្នកដែលចេះចាំសាច់រឿងរាមកេរ្តិ៍ច្រើនវែងឆ្ងាយជាងគេ ម៉្លោះហើយអ្នកពោលនោះច្រើនជាអ្នកដឹកនាំរឿងនិងជាអ្នកកាត់កងឆាកនេះឆាកនោះ តម្រូវទៅតាមពេលវេលាទៀតផង។ សម្លៀកបំពាក់និងគ្រឿងអលង្ការប្រើក្នុងល្ខោនខោលមានភាពប្រណិតពុំចាញ់ល្ខោនព្រះរាជទ្រព្យឡើយ មិនថាជាល្ខោនរបស់ព្រះរាជវាំង ក្រុមល្ខោនអាជីព ឬរបស់អ្នកស្រែចម្ការនោះទេ (រូបលេខ១)។

រូបលេខ១

កាយវិការនិងក្បាច់មួយចំនួននៅក្នុងល្ខោនខោលស្រដៀងនឹងរបាំបុរាណ តែក្បាច់ទាំងនោះរហ័សរហួននិងស្វាហាប់ជាង ដ្បិតប្រហែលដោយសារតួអង្គសម្ដែងជាបុរស (រូបលេខ២-៤)។ តួអង្គសំខាន់ក្នុងល្ខោនខោលមានបួន គឺតួនាយរោង (តួប្រុស), តួនាង (តួស្រី), យក្ស និងស្វា។

រូបលេខ២

រូបលេខ២

រូបលេខ៣

រូបលេខ៣

រូបលេខ៤

រូបលេខ៤

អ្នកស្រាវជ្រាវខ្លះយល់ថា ល្ខោនខោលមានដើមកំណើតមកពីល្ខោន «ភាណី» ឬ «ភាន្និ» ជាប្រភេទល្ខោនម៉្យាងដែលសម្ដែងដោយមានអ្នកពោលពីដំណើររឿងផង។ ល្ខោននេះឃើញមានតាំងពីសម័យអង្គរ (សតវត្សទី៩-១៤) មកម៉្លេះ។

មុនទសវត្ស១៩៦០ ពោលគឺមុនការបង្កើតសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ក្រុមល្ខោនខោលសំខាន់ៗ ឃើញមាននៅតែខេត្តបាត់ដំបង និងវត្តស្វាយអណ្ដែត (ខេត្តកណ្ដាល) ប៉ុណ្ណោះ។ ប៉ុន្ដែទោះបីមានក្រុមនៅសេសសល់កន្លែងផ្សេងៗទៀតក៏ដោយ ល្ខោនខោលនៅវត្តស្វាយអណ្ដែតមានលក្ខណៈពិសេសប្លែកពីគេ ដ្បិតគោលបំណងសំខាន់នៃការសម្ដែងនេះពុំមែនត្រឹមតែសម្រាប់កម្សាន្តសប្បាយប៉ុណ្ណោះទេ គឺដើម្បីបន់ស្រន់ដល់អ្នកតាដែលថែរក្សាភូមិស្រុកនិងប្រជាជនរស់នៅក្នុងសហគមន៍វត្តស្វាយអណ្ដែតនេះឯង។ បើសង្កេតមើលឲ្យជ្រៅ ការសម្ដែងល្ខោននេះមានន័យជ្រាលជ្រៅណាស់សម្រាប់សហគមន៍ដែលប្រកបរបរទទួលទានដោយពឹងលើធម្មជាតិ ពោលគឺសម្ដែងនោះក្នុងន័យកិច្ចពិធីនិងជំនឿមុតមាំណាស់។ កង្វល់ធំរបស់អ្នកស្រែចម្ការគឺទឹកភ្លៀង ដូចយើងដឹងស្រាប់ ហេតុនេះ ការសម្ដែងល្ខោនខោលរបស់អ្នកស្រុកស្វាយអណ្ដែតតែងធ្វើឡើងដើម្បីបួងសួងសុំសេចក្ដីសុខ, ភាពចម្រុងចម្រើន, បណ្ដេញឧបទ្រពចង្រៃ ហើយពិសេសនោះគឺសុំទឹកភ្លៀង និងភោគផលបរិបូណ៌សម្រាប់រដូវដាំដុះខាងមុខ។

វត្តស្វាយអណ្ដែត ស្ថិតនៅត្រើយខាងកើតទន្លេមេគង្គ ចម្ងាយប្រហែល១០គីឡូម៉ែត្រពីរាជធានីភ្នំពេញ ដែលមានភូមិពីរជាចំណុះ គឺភូមិតាស្គរ ឃុំសារិកាកែវ និងភូមិពាមតាឯក ឃុំពាមឧកញ៉ាអុង ស្រុកល្វាឯម ខេត្តកណ្ដាល។ វត្តនេះពុំត្រឹមជាទីអារាមសម្រាប់គោរពបូជាប៉ុណ្ណោះទេ តែគឺជាអាវាសនៃ «ល្ខោនខោល»ផង។ ក្រុមល្ខោនខោលវត្តស្វាយអណ្ដែតធ្លាប់មានកេរ្តិ៍ឈ្មោះគ្រាន់បើដែរ ទើបត្រូវព្រះបរមរាជវាំងហៅឲ្យមកចូលរួមសម្ដែងក្នុងព្រះរាជពិធីបុណ្យតាំងតុ ដែលប្រារព្ធតាំងពីក្នុងរាជ្យព្រះបាទនរោត្តម (សោយរាជ្យឆ្នាំ១៨៦០- ១៩០៤) រហូតមកដល់សម័យសង្គមរាស្ត្រនិយម ដែលមានព្រះបាទនរោត្តម សីហនុ (ព្រះបរមរតនកោដ្ឋ) ជាព្រះប្រមុខរដ្ឋ។ មិនតែប៉ុណ្ណោះនៅក្នុងទ.វ.១៩៤០ ដោយទតឃើញភាពប៉ិនប្រសប់របស់តួអង្គស្វាក្នុងក្រុមល្ខោនខោលវត្តស្វាយអណ្ដែតនេះ សម្តេចព្រះមហាក្សត្រិយានីជាព្រះមាតាបានត្រាស់ហៅតួអង្គស្វារបស់ក្រុមល្ខោននេះឲ្យមករាំជាតួស្វានៅក្នុងក្រុមល្ខោនព្រះរាជទ្រព្យ។ ហេតុនេះទើបបានជាមានតួស្វាប្រុសរាំនៅក្នុងក្រុមល្ខោនព្រះរាជទ្រព្យដល់សព្វថ្ងៃ។

ក្រៅពីនេះ ក្រុមវត្តស្វាយអណ្ដែតក៏មានសម្ដែងក្នុងពិធីបុណ្យពាក់កណ្ដាលសាសនាព.ស. ២៥០០ (គ.ស.១៩៥៧), ពិធីបុណ្យឯករាជ្យជាតិ, ក្នុងពិធីទទួលបដិសណ្ឋារកិច្ចលោក ហ្សាល ដឺហ្គោល ប្រធានាធិបតីបារាំង។ល។ យូរៗម្ដង ល្ខោនខោលវត្តស្វាយអណ្ដែតត្រូវគេអញ្ជើញទៅសម្ដែងនៅតាមសហគមន៍ដទៃទៀតដើម្បីបណ្ដេញឧបទ្រពចង្រៃ និងជំងឺតម្កាត់ផ្សេងៗ។

ល្ខោនខោលវត្តស្វាយអណ្ដែតមានប្រជាប្រិយភាពរហូតមានការផ្សព្វផ្សាយនៅតាមវិទ្យុ ជាតិ។ ប៉ុន្ដែប្រជាប្រិយភាពរបស់ល្ខោនខោលហាក់ចុះថមថយទៅវិញ នៅពេលដែលវិទ្យុជាតិលែងចាក់ផ្សាយល្ខោនខោល ហើយបែរមកចាក់ផ្សាយល្ខោនបាសាក់នាទ.វ.១៩៦០ (គឺល្ខោនដែលនាំចូលពីកម្ពុជាក្រោមមកដែនដីកណ្ដាលនៅក្នុងទ.វ.១៩៣០)។ ដោយសារការសម្ដែងល្ខោនខោលនៅវត្តស្វាយអណ្ដែតជាប់ជាមួយបរិបទកិច្ចពិធី ទើបអ្នកស្រាវជ្រាវទាំងខ្មែរនិងបរទេសចាប់អារម្មណ៍ខ្លាំងទៅលើមរតកដ៏រស់រវើកនេះ។

ជាប្រពៃណី ការសម្ដែងដ៏សំខាន់របស់ល្ខោនខោលវត្តស្វាយអណ្ដែត គឺតែងធ្វើនៅរៀងរាល់ក្រោយចូលឆ្នាំបន្ដិច អាស្រ័យលើការស្រុះស្រួលគ្នារវាងគ្រូល្ខោននិងចាស់ទុំក្នុងភូមិ (រូបលេខ៥-៩)។ កាលពីមុន ការសម្ដែងនោះមានរយៈពេល៧យប់ តែសព្វថ្ងៃគឺបន្ថយមកនៅត្រឹមតែ៤យប់ប៉ុណ្ណោះ ដោយរាប់បញ្ចូលទាំងថ្ងៃហោមរោង (ឬសំពះគ្រូ) ផង។ ការសម្ដែងនាឱកាសនោះហាក់ដូចជា «កាតព្វកិច្ច» របស់អ្នកស្រុកអ្នកភូមិទាំងអស់គ្នាដែលត្រូវចូលរួមទាំងធនធានទាំងកម្លាំង។ អ្នកដែលត្រូវសម្ដែងនោះទៀតសោតគឺជាអ្នកភូមិ ពុំមែនជាអ្នកមានអាជីពខាងសិល្បៈឡើយ។ អ្នកធ្លាប់សម្ដែងរមែងមកសម្ដែងបន្ដទៀត ហើយអ្នកទាំងនោះហាក់មានគំនិតថាជា «កាតព្វកិច្ចសង្គម» តម្រូវឲ្យមកចូលរួមក្នុងពិធីសម្ដែង ទោះបីពួកគាត់បានចាកចេញពីភូមិទៅប្រកបរបរនៅទីឆ្ងាយយ៉ាងណាក៏ដោយ។

រូបលេខ៥

រូបលេខ៥

រូបលេខ៦

រូបលេខ៦

រូបលេខ៧

រូបលេខ៧

រូបលេខ៨

រូបលេខ៨

រូបលេខ៩

រូបលេខ៩

ហេតុដូច្នេះហើយ អ្នកស្រុកនៅទីនោះ ទាំងព្រះសង្ឃទាំងគ្រហស្ថ ចាត់ទុកល្ខោននេះជាមរតកវប្បធម៌ដ៏មានតម្លៃរបស់សហគមន៍ខ្លួន ហើយបានខិតខំព្យាយាមការពារតាមលទ្ធភាពដែលអាចធ្វើទៅបាន បើទោះជាជួបប្រទះនូការលំបាកនិងខ្វះខាតយ៉ាងណាក៏ដោយ។

នៅមុនទ.វ.១៩៧០ ក្រុមល្ខោនខោលវត្តស្វាយអណ្ដែតទទួលការទំនុកបម្រុង ពិសេសខាងសម្លៀកបំពាក់សម្ដែងពីព្រះបរមរាជវាំង។ ប៉ុន្ដែនៅពេលករកើតឡើងវិញ ក្រោយរបបខ្មែរក្រហម ក្រសួងវប្បធម៌ជាអ្នកឲ្យខ្ចីសម្លៀកបំពាក់សម្ដែងដល់ក្រុមល្ខោននេះ។ ក្រៅពីការជួយជ្រោមជ្រែងជាទូទៅរបស់អ្នកភូមិ និងសប្បុរសជននា ក៏មានការចូលរួមពីស្ថាប័នរដ្ឋ និងអង្គការក្រៅរដ្ឋាភិបាលដែរ មានជាអាទិ៍អង្គការហ្គោដហ្វាន់បានរួមចំណែកឧបត្ថម្ភថវិកាជួសជុលភ្លេងពិណពាទ្យនិងប្រាក់កម្រៃបន្ដិចបន្ដួចសម្រាប់គ្រូបង្ហាត់។

អង្គការយូណេស្កូភ្នំពេញក៏បានជួយឧបត្ថម្ភភ្លេងពិណពាទ្យមួយវង់, សម្លៀកបំពាក់, មុខរបាំ និងបានសង់រោងល្ខោនផង។ ប៉ុន្ដែសព្វថ្ងៃ សម្លៀកបំពាក់និងមុខរបាំចាស់ពុកផុយអស់ស្ទើរតែប្រើការលែងកើត។ ចំណែកឯរោងនោះទៀតសោត មិនអាចសម្ដែងបានទៀតឡើយ ដ្បិតអ្នកស្រុកដែលពុំមានដីរស់នៅ បានមកសង់ផ្ទះព័ទ្ធជុំវិញ (រូបលេខ១០)។

នៅក្នុងកិច្ចប្រឹងប្រែងអភិរក្សនិងលើកស្ទួយប្រពៃណីនិងសិល្បៈសហគមន៍ដ៏សំខាន់មួយនេះក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ខំរិះរកមធ្យោបាយយ៉ាងណាឲ្យក្រុមនេះរស់តទៅទៀត។ ថ្មីៗនេះ ក្រសួងកំពុងរកលទ្ធភាពផ្ដល់ជាសម្ភារៈសម្ដែងថ្មីៗជូនក្រុមល្ខោន ហើយអ្វីដែលគួរឲ្យត្រេកអរជាពន់ពេកនោះ គឺមានផ្ដល់ថវិកាជាតិសម្រាប់សង់រោងល្ខោនថ្មីមួយឡើងវិញសម្រាប់ក្រុមល្ខោនខោលនេះ (រូបលេខ១១)។ កិច្ចសែនក្រុងពាលីនិងបញ្ចុះបឋមសិលាសង់រោងល្ខោននេះបានប្រព្រឹត្តទៅកាលពីថ្ងៃសៅរ៍ ១៤កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ (២៨ មេសា ២០១៨) នៅក្នុងបរិវេណវត្តស្វាយអណ្ដែត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់នៃលោកជំទាវរដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈនិងលោកស្រី តំណាងអង្គការយូណេស្កូប្រចាំកម្ពុជា ព្រមទាំងមានការចូលរួមពីព្រះរាជវង្ស (ដែលមានប្រទានជំនួយដោយព្រះរាជទ្រព្យផ្ទាល់), ព្រះសង្ឃ, គ្រូល្ខោន, អាជ្ញាធរមូលដ្ឋាន និងអ្នកស្រុកយ៉ាងច្រើនកុះករ (រូបលេខ១២)។

រូបលេខ១០

រូបលេខ១០

រូបលេខ១១

រូបលេខ១១

រូបលេខ១២

រូបលេខ១២

ទន្ទឹមនេះ សហគមន៍ស្វាយអណ្ដែត ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងអង្គការពាក់ព័ន្ធ ខិតខំបង្កើនការយល់ដឹងឲ្យបានទូលំទូលាយអំពីល្ខោនខោលនិងសហគមន៍ស្វាយអណ្ដែត ដោយបានមូលមាត់គ្នារៀបចំឯកសារដើម្បដាក់ស្នើបញ្ចូល «ល្ខោនខោលវត្តស្វាយអណ្ដែត» ទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ។ ឯកសារបានរៀបចំចប់សព្វគ្រប់ហើយបានផ្ញើទៅអង្គការយូណេស្កូនៅក្នុងខែមីនា ឆ្នាំ២០១៧។ សេចក្ដីសម្រចជាផ្លូវការនឹងទទួលបាននូវចុងឆ្នាំ២០១៨។ ការដាក់បញ្ចូលនេះទៀតសោតក៏ជាឱកាសទាក់ទាញឲ្យមានការចូលរួមអភិរក្ស ការពារ និងលើកស្ទួយមរតករស់របស់សហគមន៍នេះពីគ្រប់មជ្ឈដ្ឋានផង៕

 

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៨

ចំនួនអត្ថបទ ១៧ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (រូបពណ៌ទាំងអស់) ៖ ៦​ +​​ ១២២ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៧៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០២៣

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៧

ចំនួនអត្ថបទ ១៨ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (រូបពណ៌ទាំងអស់) ៖ ៦​ +​​ ១១៤ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៧៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០២២

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៦

ចំនួនអត្ថបទ ១៧ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (រូបពណ៌ទាំងអស់) ៖ ៦​ +​​ ១២៤ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៧៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០២១

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៥

ចំនួនអត្ថបទ ១៨ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (រូបពណ៌ទាំងអស់) ៖ ៦​ +​​ ១២៥ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០២០

អាហារនៅជនបទអង្គរ

ដោយ អាំង ជូលាន
យសោធរ, ភ្នំពេញ ២០២០
ក្របរឹង, ២០ ស.ម. x ២៦ ស.ម., ៣១០ ទំព័រ, ចំនួនរូប ៖ ៥២២
ភាសាខ្មែរនិងបារាំងទល់គ្នា
ISBN-13: 978-99249-394-0-5

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៤

ចំនួនអត្ថបទ ១២ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១០០ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០១៩

មូលដ្ឋានរៀនខ្មែរបុរាណ២០១៨

ដោយ អាំង ជូលាន
យសោធរ, ភ្នំពេញ
ផ្សព្វផ្សាយលើកទី១ ៖ ២០១៣ (អស់ពីឃ្លាំង)
ផ្សព្វផ្សាយលើកទី២ ៖ ២០១៨
vii + ២៨២ ទំព័រ
ISBN: 978-99963-818-0-5

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៣

ចំនួនអត្ថបទ ២០ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១០៤ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០១៨

ដំណើរជីវិតមនុស្សខ្មែរមើលតាមពិធីឆ្លងវ័យ

ដោយ អាំង ជូលាន, ព្រាប ចាន់ម៉ារ៉ា, ស៊ុន ចាន់ដឹប
ផ្សព្វផ្សាយដោយ យសោធរ,​ ភ្នំពេញ​ ២០១៤
ចំនួនទំព័រ (អត្ថបទនិងរូប) ៖ ១១១
តម្លៃ ៖ ២៨០០០រៀល ឬ ៧ ដុលា្លរ, ISBN: 978-99950-895-0-4

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១១

ចំនួនអត្ថបទ ១៩ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១២០ ទំព័រ
តម្លៃ ៖ ១២០០០រៀល ឬ ៣ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០១៦

មូលដ្ឋានរៀនខ្មែរបុរាណ

ដោយ អាំង ជូលាន
ផ្សព្វផ្សាយដោយ យសោធរ,​ ភ្នំពេញ​ ២០១៣
vii + ២៨២ ទំព័រ
ISBN: 978-99963-818-0-5

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ៩

ចំនួនអត្ថបទ ២៩ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១៥០ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយ យសោធរ,​ ភ្នំពេញ​ ២០១៤

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១០

ចំនួនអត្ថបទ ២០ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១០០ ទំព័រ
តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០១៥

  • អំពីយើង
  • ទំនាក់ទំនង
  • បាឋកថា
  • ឧទ័យ
  • KhmeRenaissance
  • សៀវភៅ
Flag Counter

share on:

© Yosothor.org 2017. All right reserved