• Home
  • Contact Us
  • Links
  • Sponsorship
  • Register
Logo
logo
Logo
  • អត្ថបទថ្មីៗ
  • ពីនិពន្ធនាយក
  • ជំពូក១ ៖ របរចិញ្ចឹមជីវិត, ឧបករណ៍
  • ជំពូក២ ៖ ជំនឿ, ទំនៀមទម្លាប់
  • ជំពូក៣ ៖ សិល្បៈ , អក្សរសាស្រ្ត
  • ជំពូក៤ ៖ មរតកបុរាណ, ប្រវត្តិសាស្រ្ត
  • ជំពូក៥ ៖ ភូមិសាស្រ្ត, បរិស្ថាន, ធម្មជាតិ
  • ជំពូក៦ ៖ សម្រង់, ភាសាសាស្រ្ត
  • ជំពូក៧ ៖ សម្លេង, កុន

“៣កើត មាឃធំ”

ដោយ អាំង ជូលាន

យើងដឹងហើយថា នៅជនបទនានានៃប្រទេសកម្ពុជា មានបុណ្យទានច្រើនណាស់ក្នុងរដូវប្រំាង ជាពិសេសបើរាប់ពីខែបុស្សទៅ។ បុណ្យឬពិធីទាំងនោះមានលក្ខណៈបែបបទ ព្រមទាំងតួនាទីផ្សេងៗគ្នា។ បើនៅជនបទខេត្តសៀមរាប ពាក្យថា “៣កើត មាឃធំ” គេស្គាល់ជាទូទៅ ព្រោះគេនិយមរើសយកថ្ងៃនោះមកធ្វើពិធីឡើងអ្នកតា ដែលគេច្រើនតែប្រើពាក្យទូទៅថា “ឡើងមាឃ”។ តាមពិត ទៅពុំមែនមានតែខេត្តសៀមរាបប៉ុណ្ណោះទេ គឺតំបន់ច្រើនទៀតប៉ែកខាងជើងប្រទេស ធ្លាយចូលទៅដល់ខេត្តបុរីរម្យ និងសូរិន្ទ្រ ដែលសព្វថ្ងៃស្ថិតនៅក្នុងទឹកដីប្រទេសថៃឡង់ដ៍ ក៏គេនៅតែជ្រើសរើសយកថ្ងៃនេះ ឬក៏បើពុំដូច្នោះទេ ក៏នៅចងចាំ ថា ពីមុនមកគេឡើងមាឃក្នុងថ្ងៃនេះដែរ។ ម៉្យាងទៀតមានស្រុកភូមិច្រើនដែរ ដែលរើសថ្ងៃខុសពីនោះ តែយ៉ាងណាក៏ភាគច្រើននៅតែក្នុងខ្នើតខែមាឃដដែល។

នៅតាមភូមិស្រុកដែលមុខរបរសំខាន់ជាស្រែសុទ្ធសាធ គេសង្កេតឃើញថា អ្នកស្រុកតែងតែធ្វើពិធីនេះនៅមុខខ្ទមអ្នកតារបស់សហគមន៍គេតែម្តង។ នៅតំបន់របៀបនោះគេច្រើនតែគិតថា ទាល់តែឡើងមាឃរួចហើយ ទើបអាច “ឡើងរោង” ពោលគឺបញ្ចូលរូបមេមត់នៅតាមផ្ទះនានាបាន។ បុណ្យពួកមេមត់នោះតែងមានច្រើនថ្ងៃ ព្រោះយប់នេះនៅផ្ទះមេមត់នេះ យប់នោះនៅផ្ទះមេមត់នោះ ឯយប់មួយទៀត នៅផ្ទះមេមត់មួយទៀត។ ដោយសារគេនិយមធ្វើ ឬយល់ថាត្រូវធ្វើតែក្នុងខែមាឃ គេក៏ត្រូវតែឡើងអ្នកតាហៅថា ឡើងមាឃនេះឲ្យបានដើមខែ ពោលគឺ៣កើតខែមាឃនេះឯង ដើម្បីទុកពេលតទៅទៀតក្នុងខែដដែលសម្រាប់មេមត់។

ប្រសិនបើស្រុកនោះជាស្រុកដែលមានលក្ខណៈជា “ផ្សារ” បន្តិច ជួនកាលគេធ្វើនៅតាមសាលាសំណាក់របស់ភូមិ ទោះបីជាទីនោះ មានខ្ទមអ្នកតា ឬឥតខ្ទមទេក៏ដោយ។ បើអត់មានខ្ទមអ្នកតា ច្រើនតែឃើញថា តួនាទីនៃព្រះសង្ឃដែលគេនិមន្តមកមានសារសំខាន់ខ្លាំង។ ដូច្នេះបរិស្ថានភូមិសាស្ត្រនិងសង្គមក៏មានឥទ្ធិពលទៅលើបុណ្យ ដែលប្ររឰឡើងនៅថ្ងៃ៣កើត ខែមាឃនេះដែរ។ មិនតែប៉ុណ្ណោះ ន័យឬគោលបំណងនៃពិធីអាចខុសដាច់គ្នាឆ្ងាយពីមួយទៅមួយ ថ្វីដ្បិតតែធ្វើនៅថ្ងៃដូចគ្នា។

ឧទាហរណ៍ទីមួយស្រង់សង្ខេបយកមកពីភូមិទម្រឹង ដែលជាតំបន់ស្រែសុទ្ធ ស្ថិតនៅប្រមាណ ៤០គ.ម. ខាងលិចឧទ្យានអង្គរ។ នៅថ្ងៃ៣កើត ខែមាឃនោះ ផ្ទះនីមួយៗរៀបចំម្ហូបចំណីរបង្អែមចង្អាបរៀងៗខ្លួន ហើយក្នុងនោះពុំដែលអត់នំបញ្ចុកទេ។ នៅរូបលេខ១ យើងឃើញអ្នកស្រុកកំពុងមកជួបជុំគ្នាពេលចុងរសៀល នៅទីលានមួយដែលមានខ្ទមអ្នកតា។ រូបលេខ២បង្ហាញថា ផ្ទះនីមួយៗយកស្រូវបន្តិចបន្តួចមកចាក់រាយលើកន្ទេល ពួនជាពំនូកមួយហៅថា “ភ្នំស្រូវ”។ មើលមកដល់តែត្រឹមនេះក៏យើងអាចយល់ថា ន័យមួយនៃពិធីនេះបញ្ជាក់ពីវដ្តស្រូវមួយដែលទើបនឹងចប់។ នៅរូបលេខ៣ យើងឃើញគេសែនបួងសួង បន់ស្រន់អ្នកតាចាស់ស្រុក រីឯនៅពីក្រោយនោះគឺសុទ្ធសឹងជាបង្អែមចង្អាប ដែលគេយកមកពីផ្ទះរៀងៗខ្លួន (រូបលេខ៤)។ ពេលរៀបសែននោះ អ្នកតាចូលសណ្ឋិតក្នុងមនុស្សស្រីម្នាក់ដែលជារូប ដើម្បីឆ្លើយឆ្លងតាមសេចក្តីបួងសួងរបស់អ្នកស្រុក(រូបលេខ៥)។ ៣កើត ខែមាឃនៅភូមិទម្រឹងនេះ មានន័យទាក់ទងទៅនឹងរបរធ្វើស្រែសុទ្ធសាធ។

រូបលេខ១

រូបលេខ១

រូបលេខ៣

រូបលេខ៣

រូបលេខ៥

រូបលេខ៥

រូបលេខ២

រូបលេខ២

រូបលេខ៤

រូបលេខ៤

ឧទាហរណ៍ទីពីរបានមកពីភូមិនគរក្រៅ ដែលនៅក្នុងឧទ្យានអង្គរតែម្តង ហើយដែលមុខរបរអ្នកស្រុកផ្អែកទៅលើកសិកម្មស្រូវផង និងទៅការងារជាកម្មករជួសជុលប្រាសាទបុរាណ ផង។ នៅរូបលេខ៦ យើងឃើញខ្ទមអ្នកតាមួយដែលមានសាលាសំណាក់របស់ភូមិនៅជិតនោះ។ រូបលេខ៧ គឺខ្ទមអ្នកតាដែលមើលពីចំហៀង។ ពេលចុងរសៀល អ្នកស្រុកចាប់ផ្តើមយកចំណីរចំណុក ដែលភាគច្រើនបង្អស់ជានំបញ្ចុកមកពីផ្ទះរៀងៗខ្លួន (រូបលេខ៨) ហើយចាប់ផ្តើមតម្រៀបថាសខ្លះៗនៅក្នុងខ្ទមអ្នកតាតែម្តង (រូបលេខ៩)។ មិនយូរប៉ុន្មានអ្នកភូមិមកកាន់តែច្រើនឡើងៗ ទើបចំនួនថាសក៏កាន់តែច្រើនឡើងៗ ទាល់តែយកមកតម្រៀបនៅខាងក្រោមមុខនោះ (រូបលេខ១០-១១)។ នៅទីបញ្ចប់ គេយកនំបញ្ចុកដែលធ្វើនៅគ្រប់ផ្ទះនោះ មកចាក់បញ្ចូលគ្នាលើខ្ទមតែម្តង សម្រាប់អ្នកតា (រូបលេខ១២) ពោលគឺគ្មាននរណាប៉ះពាល់ឡើយ។ បើយើងពុំជឿលើអ្នកតា គឺឃើញថានំមួយភាគនោះធ្វើចោលតែម្តង។

រូបលេខ៦

រូបលេខ៦

រូបលេខ៨

រូបលេខ៨

រូបលេខ១០

រូបលេខ១០

រូបលេខ១២

រូបលេខ១២

រូបលេខ៧

រូបលេខ៧

រូបលេខ៩

រូបលេខ៩

រូបលេខ១១

រូបលេខ១១

ឧទាហរណ៍ទីបីបានមកពីតំបន់ភូមិភ្នំក្រោម និងភូមិចុងឃ្នាស ដែលស្ថិតនៅក្នុងបរិស្ថានភូមិសាស្ត្រខុសឆ្ងាយពីឧទាហរណ៍ខាងលើ ដ្បិតទីនេះជាមាត់ទន្លេសាប ហើយទឹកតែងលិចនិងស្រកទៅតាមរដូវ រីឯមុខរបរប្រជាជនក៏ច្រើនទាក់ទងទៅនឹងនេសាទផង។ ថ្វីដ្បិតតែធ្វើនៅថ្ងៃ៣កើត ខែមាឃមែន តែអត្ថន័យហាក់ដូចជាគ្មានពាក់ព័ន្ធនឹងកសិកម្មឡើយ។ នៅទីនេះគេមានជំនឿទៅលើ “អ្នកហោះអ្នកហើរ” ដែលហាក់ដូចជាមានចលនា ឬសកកម្មភាពទាក់ទងទៅនឹងខ្យល់ ឬទិសខ្យល់បក់។ គេអះអាងថា គេប្ររឰពិធីនេះឲ្យអ្នកហោះអ្នកហើរចុះពីភ្នំក្រោមទៅដល់អ្នកឃុំចុងឃ្នាស ហើយបន្ទាប់មកទៀតទើបប្រជាជនឃុំចុងឃ្នាសធ្វើពិធីបញ្ចូនអ្នកហោះអ្នកហើរនោះ ឲ្យធ្លាក់ចុះទៅទន្លេ។ ពិធីនៅឯនេះ បើមើលតែសម្បកក្រៅហាក់ដូចជាធ្វើក្នុងក្របខណ្ឌព្រះពុទ្ធសាសនា ដ្បិតធ្វើជាប់នឹងវត្ត។ គេចាប់ផ្តើមនិមន្តព្រះសង្ឃឆាន់ហើយ ក៏ចប់កិច្ចពុទ្ធសាសនាតែត្រឹមនោះ (រូបលេខ១៣)។ នៅពេលរសៀលទើបគេធ្វើកិច្ចផ្សេងទៀត ដែលតួនាទីនៃមេមត់ចំនួនច្រើននាក់ហាក់ដូចជាសំខាន់ខ្លាំងណាស់។ នៅរូបលេខ១៤ យើងឃើញតែស្រីជាមេមត់តែមួយភាគប៉ុណ្ណោះ ក្រោយបន្តិចមកទើបឃើញថាមានច្រើនជាងនោះ។ នៅរូបលេខ១៥-១៧ យើងឃើញមេមត់ផ្សេងៗចូលរូប ហើយជួនកាលស្លៀកពាក់ប្លែកៗ ដោយអ្នកដែលចូលមកសណ្ឋិតនោះជា “អ្នកតា” ប្រភេទផ្សេងៗ រហូតដល់ខ្លះជាអ្នកតាបារាំងផង។ នៅមុខរោងនោះយើងឃើញមាន “សង្ឃឹក” មួយដែលមានរូបរាងជាទូកមានដំបូលប្រភេទកាណូត ដែលក្នុងនោះមានអំបិល, ប្រហុក, ខ្ទឹម, អង្ករ, ម្ស៊ៅស៊ុប៘ ជាស្បៀងសម្រាប់អ្នកហោះអ្នកហើរ ដែលត្រូវចុះទៅទន្លេវិញ។ លុះពិធីបញ្ជាន់នោះចប់ ទើបគេនាំគ្នាហែសង្ឃឹកយកទៅចោលនៅទីមួយឆ្ងាយពីភូមិបន្តិច ហើយដែលគេចាត់ទុកថានៅមាត់ទន្លេសាប (រូបលេខ១៨-១៩)។

រូបលេខ១៣

រូបលេខ១៣

រូបលេខ១៥

រូបលេខ១៥

រូបលេខ១៧

រូបលេខ១៧

រូបលេខ១៩

រូបលេខ១៩

រូបលេខ១៤

រូបលេខ១៤

រូបលេខ១៦

រូបលេខ១៦

រូបលេខ១៨

រូបលេខ១៨

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៨

ចំនួនអត្ថបទ ១៧ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (រូបពណ៌ទាំងអស់) ៖ ៦​ +​​ ១២២ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៧៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០២៣

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៧

ចំនួនអត្ថបទ ១៨ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (រូបពណ៌ទាំងអស់) ៖ ៦​ +​​ ១១៤ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៧៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០២២

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៦

ចំនួនអត្ថបទ ១៧ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (រូបពណ៌ទាំងអស់) ៖ ៦​ +​​ ១២៤ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៧៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០២១

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៥

ចំនួនអត្ថបទ ១៨ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (រូបពណ៌ទាំងអស់) ៖ ៦​ +​​ ១២៥ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០២០

អាហារនៅជនបទអង្គរ

ដោយ អាំង ជូលាន
យសោធរ, ភ្នំពេញ ២០២០
ក្របរឹង, ២០ ស.ម. x ២៦ ស.ម., ៣១០ ទំព័រ, ចំនួនរូប ៖ ៥២២
ភាសាខ្មែរនិងបារាំងទល់គ្នា
ISBN-13: 978-99249-394-0-5

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៤

ចំនួនអត្ថបទ ១២ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១០០ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០១៩

មូលដ្ឋានរៀនខ្មែរបុរាណ២០១៨

ដោយ អាំង ជូលាន
យសោធរ, ភ្នំពេញ
ផ្សព្វផ្សាយលើកទី១ ៖ ២០១៣ (អស់ពីឃ្លាំង)
ផ្សព្វផ្សាយលើកទី២ ៖ ២០១៨
vii + ២៨២ ទំព័រ
ISBN: 978-99963-818-0-5

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៣

ចំនួនអត្ថបទ ២០ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១០៤ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០១៨

ដំណើរជីវិតមនុស្សខ្មែរមើលតាមពិធីឆ្លងវ័យ

ដោយ អាំង ជូលាន, ព្រាប ចាន់ម៉ារ៉ា, ស៊ុន ចាន់ដឹប
ផ្សព្វផ្សាយដោយ យសោធរ,​ ភ្នំពេញ​ ២០១៤
ចំនួនទំព័រ (អត្ថបទនិងរូប) ៖ ១១១
តម្លៃ ៖ ២៨០០០រៀល ឬ ៧ ដុលា្លរ, ISBN: 978-99950-895-0-4

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១១

ចំនួនអត្ថបទ ១៩ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១២០ ទំព័រ
តម្លៃ ៖ ១២០០០រៀល ឬ ៣ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០១៦

មូលដ្ឋានរៀនខ្មែរបុរាណ

ដោយ អាំង ជូលាន
ផ្សព្វផ្សាយដោយ យសោធរ,​ ភ្នំពេញ​ ២០១៣
vii + ២៨២ ទំព័រ
ISBN: 978-99963-818-0-5

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ៩

ចំនួនអត្ថបទ ២៩ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១៥០ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយ យសោធរ,​ ភ្នំពេញ​ ២០១៤

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១០

ចំនួនអត្ថបទ ២០ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១០០ ទំព័រ
តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០១៥

  • អំពីយើង
  • ទំនាក់ទំនង
  • បាឋកថា
  • ឧទ័យ
  • KhmeRenaissance
  • សៀវភៅ
Flag Counter

share on:

© Yosothor.org 2017. All right reserved