ដោយ ទី បញ្ញា
កន្លងមកធ្លាប់មានការសិក្សាស្រាវជ្រាវចងក្រងពីពិធីលៀងអារក្ស និងបទភ្លេងអារក្សនៅតាមតំបន់ផ្សេងៗខ្លះៗរួចមកហើយ។ ជំនឿលើអារក្ស ជាជំនឿដែលខ្មែរស្គាល់ជាទូទៅ ហើយមានស្ទើរតែគ្រប់ទិសទី។ ចំណែករូបអារក្ស ឬ «មេមត់» តែងនាំគ្នាធ្វើពិធី«លៀងអារក្ស» ឬ «លៀងមេមត់» រួមគ្នានៅផ្ទះរូបអារក្សណាមួយ ក្នុងរវាងមួយឆ្នាំម្តង ដើម្បីរំឭកទៅគ្រូដើម ឬគ្រូកំណើត (សូមអានបន្ថែម ជំពូក២, លេខរៀងទី៦)។ ក្នុងពិធីនោះតែងមានក្រុមភ្លេងលេងប្រគំជាចាំបាច់ ហើយប្រភេទភ្លេងនោះគេហៅថា «ភ្លេងអារក្ស»។ គេលេងភ្លេង១យប់ទល់ភ្លឺ និងមាន «បញ្ជាន់រូប» ឬ «ចូលរូប» ទៀតផង។ ប៉ុន្តែនៅក្នុងករណីពិសេសខ្លះ គេអាចធ្វើពិធីលៀងអារក្ស ដើម្បីព្យាបាលជំងឺដែរ។ អ្នកជំងឺនោះទៀតសោត ច្រើនតែជាដែលកាន់រូបអារក្សស្រាប់ ឬពុំនោះទេគឺជាអ្នកស្រុកធម្មតាណាម្នាក់ ប៉ុន្តែកាលណាឈឺរកមើលប្រភពរោគពុំឃើញ ទៅពេទ្យទំនើបក៏ពុំជា ហើយងាកទៅរកគ្រូទាយ តម្រូវឲ្យលៀងអារក្សថ្វាយ ដ្បិតមានខុសគ្រូ ខ្សែខាងឪពុកឬខាងម្តាយដោយប្រការណាមួយ ទើបគេរៀបចំពិធីនេះឡើងថ្វាយ។ អ្នកជំងឺនោះ កាលណាជាហើយ ភាគច្រើន ក្លាយជាអ្នកកាន់រូបអារក្សទៅថ្ងៃក្រោយផងក៏មាន។
សាច់រឿងដែលខ្ញុំនឹងនិយាយនៅខាងក្រោមនេះស្ថិតនៅក្នុងករណីទី២ ពោលគឺលៀងអារក្សដើម្បីព្យាបាលជំងឺឲ្យលោកតាម្នាក់ឈ្មោះ ឆូវ នៅភូមិល្ពាក ឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ រឿងដែលគួរឲ្យចាប់អារម្មណ៍គឺថាអ្នកជំងឺផ្ទាល់តែម្តងដែលជារូបស្នងអារក្ស ហើយបញ្ជាន់រូបដើម្បីដេញដោលសួររកប្រភពនៃជំងឺរបស់ខ្លួនឯង។ ខ្ញុំសូមជម្រាបអ្នកអានជាមុនថាអត្ថបទនេះមិនមែនជាការស្រាវជ្រាវអ្វីជ្រៅជ្រះឡើយ គឺគ្រាន់តែជាសេចក្តីបរិយាយត្រួសៗពីពិធីលៀងអារក្ស និងបទភ្លេងអារក្សដែលគេប្រគំតាំងពីដើមដល់ចប់ពិធី នៅភូមិស្រុកខាងលើដែលខ្ញុំបានទៅឃើញផ្ទាល់កាលពីថ្ងៃទី៣ខែកក្កដា ឆ្នាំ២០២៤កន្លងទៅ។ សព្វថ្ងៃវង់ភ្លេងអារក្សនៅក្នុងតំបន់នេះនៅសល់តែមួយវង់នេះប៉ុណ្ណោះ ដែលដឹកនាំដោយគ្រូភ្លេងម្នាក់ឈ្មោះហាន។ ចំណែករូបអារក្សវិញក៏កាន់តែតិចទៅៗ។ លោកតា ឆូវ ដែលជាអ្នកជំងឺនោះ ជាមនុស្សមានមុខមាត់ណាស់នៅក្នុងស្រុកភូមិរបស់គាត់ ដ្បិតគាត់ជាអ្នកលេងភ្លេងអារក្សផង ជារូបអារក្សផង ជាគ្រូគុន ហើយក៏ជាគ្រូព្យាបាលរោគដែរ។ ម៉្លោះហើយអ្នកស្រុកគោរពរាប់អានគាត់ណាស់។ មួយរយៈចុងក្រោយ លោកតាចេះតែឈឺពុំសូវស្បើយ ហើយកូនចៅខំយកទៅព្យាបាលនៅពេទ្យទំនើបឯណាក៏ពុំបានស្រាកស្រាន្ត ទើបសម្រេចចិត្តទៅរកគ្រូឲ្យទស្សន៍ទាយមើល។ គ្រូទាយឆ្លើយមកវិញថាគាត់ «ខុសគ្រូកំណើត ខឹងប្រកែប្រកាន់» ត្រូវឲ្យលៀងថ្វាយទើបបានជា។ ដូច្នេះគេក៏ធ្វើពិធីលៀងអារក្សឡើង។ ចំពោះកិច្ចពិធី គេធ្វើនៅពីរកន្លែង គឺនៅរានគ្រូ និងនៅលើផ្ទះអ្នកជំងឺ។
នៅវេលាព្រឹកនោះ អ្នកស្រុកដែលគោរពរាប់អានលោកតាឆូវ បានមកជួយរៀបចំគ្រឿងបូជាដាក់នៅធ្វើរានមួយមាន៣ថ្នាក់ដែលគេបានធ្វើទុកមុនជាស្រេចនៅខាងមុខផ្ទះរបស់គាត់ ហើយគេហៅរាននោះថា «រានគ្រូ» ។ នៅលើរាននោះ គេដាក់បាយសី ស្លាត្រួយ ស្លាធម៌ដូងមួយតំណាងគ្រូ ជមដែលមានដាក់លាជនិងផ្កា សំពត់អាវឆ្វេងស្ដាំ ទឹកអប់ប្រេងម្សៅ ធូបទៀន ចេក១ស្និត ទឹក ស្រា និងនំ១ចានជាដើម ( រូបលេខ ១ )។ ចំណែកនៅខាងក្រោមរានវិញ យើងឃើញមានគេដាក់បាយម្ហូប នំចំណី ទឹក និងស្រា សម្រាប់សែនឲ្យពួកខ្មោចព្រាយ ឬខ្មោចអនាថាផ្សេងៗ (រូបលេខ២)។ នៅពេលនោះមានស្ត្រីចំណាស់ម្នាក់ដែលមាននាទីជាស្នំរបស់រូបអារក្សចាប់ផ្តើមរៀបចំអុជទៀនធូបអុជ និងនិយាយបែបន់សម្បូងសង្រូងយាងនិមន្ដគ្រូឲ្យមកចូលមកសណ្ឋិតក្នុងរូប។ ឯរូបស្នងនោះសោត ដូចបានជម្រាបពីខាងលើម្តងរួចមកហើយ គឺតាឆូវដែលជាអ្នកជំងឺនោះតែម្តង (រូបលេខ៣-៥)។ ចំណែកខាងក្រុមភ្លេងវិញក៏ចាប់ផ្តើមប្រគំឡើងដែរ ដែលក្នុងនោះមានអ្នកទះស្គរដៃ៤នាក់ អ្នកផ្លុំប៉ីម្នាក់ និងអ្នកកូតទ្រម្នាក់ (រូបលេខ៦)។ ភ្លេងដែលគេប្រគំឡើងជាដំបូងនោះគឺបទ «សម្តេចព្រះគ្រូ» ដើម្បីអញ្ជើញគ្រូនោះឲ្យចូលកាន់កន្លែងកិច្ចពិធី និងចូលមកសណ្ឋិតក្នុងរូបស្នង ។ ទំនុកនៃបទនេះមានដូចតទៅ ៖
ហាអ្អេអ្ហើយ ថ្វាយបទលោកអើយសម្ដេចព្រះគ្រូ
ឱណាគ្រូអើយ លោកយាងនិមន្តមក…អើយ
សុរិយាក៏ទាបតោង ថ្លៃអើយសូមលោកគ្រូនិមន្តមក…អើយ
ហាអ្អេអ្ហើយ ក៏ដល់វេលាហើយ
ឱសម្ដេចគ្រូអើយ គ្រូអ្ហើយកូនចៅរៀបថ្វាយ… ។
ក្រោយពីភ្លេងលេងឡើងភ្លាមមិនបានប៉ុន្មានរូបក៏ស្ទុះរាំដោយមានកាន់ដំបងឫស្សី ហើយ បញ្ចេញជាក្បាច់គុនយ៉ាងស្វាហាប់ (រូបលេខ៧)។ បន្តិចក្រោយមកទើបរូបអង្គុយចុះដោយក្នុងខ្លួនរូបនោះកំពុងតែមានគ្រូសណ្ឋិត ហើយក៏តាំងរៀបរាប់ពីដំណើរដើមទងនៃមូលហេតុដែលនាំឲ្យតាឆូវឈឺមិនស្វាង ដល់កូនចៅជា «កូនចាបកូនព្រាប» និងស្នំបានដឹងឮគ្រប់គ្នា (រូបលេខ៨)។ ឯមូលហេតុធំនោះគឺមកពីតាឆូវជួយព្យាបាលជំងឺអ្នកស្រុកដែលមកពឹងពររក ហើយមិនដែលយកកំណល់គ្រូ ដូចជាទៀនធូប ប្រាក់កាស ជាដើមឡើយ ទើបបណ្តាលឲ្យគ្រូរបស់គាត់ខឹងសម្បារ ។ ចំណែកឯខាងអ្នកភ្លេងវិញ ក៏ចាប់លេងបទ «អញ្ជើញគ្រូ» ជាបន្ត ដោយគេយល់ថាមានគ្រូមកពុំទាន់អស់ ដោយមានទំនុកដូច្នេះ ៖
សូមអញ្ជើញលោកអើយ សម្ដេចព្រះគ្រូអើយ
ឱណាគ្រូអើយគ្រូអើយ សូមលោកយាងមក យាងលេង
បើអញ្ចឹងសូមអញ្ជើញ ឱណាសម្ដេចព្រះគ្រូអេ
សម្ដេចគ្រូអើយ អញ្ជើញមកលៀង
ឥឡូវកូនចៅក៏បានរៀបចំ ឱណាគ្រូណាពុំមានខ្វះឡើយ…។
ចប់ពីបទអញ្ជើញគ្រូទៅ អ្នកភ្លេងក៏លេងបទ «ត្រពាំងពាយ» ដ្បិតយល់ថាគ្រូដែលនិមន្តមកពីឆ្ងាយ ក្រែងមានក្តៅក្រហាយ ស្អុះស្អាប់ពុំស្រណុក ទើបងូតទឹកជម្រះកាយឲ្យត្រជាក់សប្បាយ ហើយលាបម្សៅប្រេងទឹកអប់ជូនគ្រូ។ ឯទំនុកចម្រៀងនោះ គឺដូចដែលយើងតែងឮគេច្រៀងក្នុងទម្រង់ភ្លេងការដូច្នោះដែរ ៖
ឱ!ត្រពាំងពាយអើយ ងូតទឹកថ្លាខ្យង (២ដង)
អូនងូតអើយ អូនងូតក្បែរបង បងដុសក្អែលឲ្យ (២ដង)
ឱ!ណាបងដុសខាងមុខ បងដុសខាងក្រោយ (២ដង)
បងដុសក្អែលឲ្យ សម្អាតអើយសាច់ស្រី (២ដង) ។
ក្រោយពីច្រៀងបទនេះហើយ ស្នំក៏ស្រវាយកម្សៅមកលាប និងបាញ់ទឹកអប់លើរូប (រូបលេខ៩) ។ បទបន្ទាប់គឺបទ «រលកកាញ់»។ គួរឲ្យស្តាយណាស់ ដែលខ្ញុំពុំអាចស្រង់ទំនុកមករាយជូននៅទីនេះបាន ដ្បិតក្នុងពេលនោះសម្លេងស្គរ និងសម្លេងប៉ីលាន់ឮរំពងពេកលប់លើសម្លេងអ្នកច្រៀង ជាហេតុធ្វើឲ្យពិបាកស្តាប់យល់ពីខ្លឹមសារទាំងស្រុងបាន។ ប៉ុន្តែយ៉ាងណាក៏ដោយ តាមពាក្យដែលអាចស្តាប់បានខ្លះ ខ្ញុំអាចស្មានជារួមថាបទនេះគេច្រៀងសុំឲ្យគ្រូឡើងរាំកំសាន្តសប្បាយ ហើយសុំឈប់ឲ្យប្រកាន់ទោសពៃរ៍អ្វីតទៅទៀត និងត្រឡប់ជាឲ្យពរដល់កូនចៅឯណេះវិញ។ មកដល់បទនេះសោត ស្រាប់តែមានចូលរូបម្នាក់ទៀត ស្ទុះងើបឡើង។ ឯរូបនោះគឺជាស្ត្រីវ័យកណ្តាលម្នាក់។ បើតាមខ្សែរយៈ ស្ត្រីនោះត្រូវជាក្មួយរបស់តាឆូវឈ្មោះគៀត ដែលមកពីភូមិព្រៃគុយ ក្បែរខាងគ្នា។ រូបទាំង២ក៏រាំពត់ពេន និងបញ្ចេញជារបៀបក្បាច់គុនតែរៀងខ្លួន (រូបលេខ១០-១១) ។កិច្ចធ្វើនៅរានគ្រូនេះបានបញ្ចប់តែត្រឹមនេះ ហើយអ្នកចូលរួមទាំងអម្បាលមាណក៏នាំគ្នាទៅទទួលទានបាយថ្ងៃត្រង់។ លុះបាយចប់រួចរាល់ហើយ គេក៏នាំគ្នាទៅធ្វើកិច្ចមួយទៀតនៅឯលើផ្ទះអ្នកជំងឺ (តាឆូវ) វិញម្តង។
គ្រឿងសក្ការៈបូជានៅលើផ្ទះមានបាយសី, ស្លាត្រួយ, ស្លាធម៌ដូងតំណាងគ្រូ ដែលអ្នកស្រុកហៅថា «ក្រញ៉ាញ់», សំពត់ឆ្វេងស្តាំ និងបង្អែមចង្អាបផ្សេងៗទៀត (រូបលេខ១២-១៣)។ ក្នុងគ្រឿងបូជានេះ គេរៀបជា៣ថាស ពោលគឺសម្រាប់គ្រូធំៗទាំង៣ ដែលខាងឆ្វេងសម្រាប់គ្រូខាងឪពុក, កណ្ដាលសម្រាប់គ្រូធំ និងស្ដាំសម្រាប់គ្រូខាងម្ដាយ (សូមមើលរូបលេខ១៣ឡើងវិញ)។ នៅខាងលើគ្រឿងសំណែន គេចងក្រណាត់សជាពិតាន ហើយមានចងស្លឹកម្លូ ស្លា បារី រូបសេក រូបកន្លង់ដែលចាក់ពីស្លឹកត្នោតនៅនឹងពិតាននោះផង (រូបលេខ១៤)។ នៅនឹងមាត់សត្វសេក យើងឃើញមានពាំ «ផ្កាល្ហុង» ដែលធ្វើពីស្លឹកត្នោតដូចគ្នា (រូបលេខ១៥)។ តាមការសាកសួរទៅចាស់ទុំអ្នករៀបចំកិច្ចអំពីនិមិត្តរូបនៃគ្រឿងទាំងនេះ គាត់បានឆ្លើយមកវិញថា ការដែលចង រូបសេក និង កន្លង់ នេះតំណាងឲ្យ «ការហោះហើរ» ចំណែកស្លឹកម្លូ ស្លា និងបារីតំណាងឲ្យ «ផ្កាភ្ញី» ផ្សេងៗ រីឯក្រណាត់សចងជាពិតាននោះតំណាងឲ្យ «អាកាស»។
នៅម៉ោងប្រមាណ១២ថ្ងៃត្រង់ កិច្ចលៀងគ្រូធំនៅលើផ្ទះក៏បានចាប់ផ្តើម។ ដំបូងគេលេងបទ «ប្រគំ» ដើម្បីអញ្ជើញគ្រូ មកកាន់កន្លែងរៀបចំកិច្ច។ មកដល់ត្រង់នេះយើងឃើញរូបស្រីដែលឈ្មោះ គៀតនោះប្តូរជាស្លៀកពាក់អាវក្រហមវិញ ហើយមានចងក្បាលនឹងក្រណាត់ក្រហមដែរ ចំណែកនៅក្នុងដៃមានកាន់កូនពូថៅ និងកូនកាំបិតស្នៀត (រូបលេខ១៦)។ បទ ប្រគំ នោះមានសេចក្តីដូចតទៅ ៖
ហ្អាអ្អេអើយ កូនចៅសូមនិមន្តអស់សម្ដេចគ្រូ
យាងមកអើយ ប្រជុំគ្នាថ្ងៃនេះកូនចៅអើយ
ហ្អាអ្អេអើយ ឥឡូវដល់ពេលវេលាហើយគ្រូអើយ
គ្រូអើយវេលាហើយ ឱណាសម្ដេចគ្រូមកជុំគ្នាហើយ
សូមនិមន្ដយាងមក សូមនិមន្ដគ្រូណានិមន្ដមកហ្អាអើយ
សូមនិមន្ដចុះពីកំពូលភ្នំ គ្រូហ្អេអើយកំពូលភ្នំ
សូមនិមន្តយាងចុះគ្រូអើយ ចុះពីកំពូលភ្នំគ្រូអើយគ្រូ
ឱសម្ដេចព្រះគ្រូអើយ កូនចៅបានជាពឹងរកលោកជាធំ
គ្រូអើយជាធំ … ។
រូបលេខ១៦
ពេលនោះរូបស្នងជាស្រីក៏ងើបឡើងរាំតាមចង្វាក់ស្គរ ហើយនិយាយរាយរាប់ហូរហែទៅរូបអ្នកជំងឺ (តាឆូវ) ដោយក្នុងដៃមានកាន់ធាងចេកជាតំណាងឲ្យដាវផង។ គាត់ក៏ស្ដោះផ្លុំជាកិច្ចព្យាបាលឲ្យអ្នកជំងឺបានជាសះស្បើយតទៅ (រូបលេខ១៧-១៨)។ ក្រោយពីស្ដោះផ្លុំឲ្យអ្នកជំងឺរួចហើយ គេនៅបែបន់សម្បូងសង្រូងអន្ទងហៅរកស្រីខ្មៅឲ្យមកឲ្យជួយផ្ដាច់អស់នូវការសង្ស័យផ្សេងទៀត។
កិច្ចចុងក្រោយគេក្នុងពិធីលៀងអារក្សនេះ គឺកិច្ច «សាពិតាន» ដើម្បីអញ្ជើញជូនដំណើរគ្រូឲ្យទីស្ថានដើមវិញ ពោលគឺគ្រូដែលមកពីទីណា ឲ្យទៅទីនោះវិញ ។ កិច្ចនេះគឺគេពឹងពររកគ្រូភ្លេងឲ្យឡើងមកច្រៀងរាំបេះផ្កាសាពិតានដើម្បីបញ្ចប់ពិធី (រូបលេខ១៩-២០)។ ឯទំនុកនៃបទនេះមានដូចតទៅ ៖
ឱណាខ្ញុំបេះផ្កាអី គ្រូអើយគ្រូខ្ញុំបេះឱផ្កាអី
ឱណាបេះផ្កាចំប៉ីអើយផ្កាចំប៉ី ឱណាថ្លៃណាមកកាន់លេង
ខ្ញុំបេះអើយផ្កាអីគ្រូអើយ ខ្ញុំបេះឱផ្កាអីបេះបានរួចហើយ
គ្រូអ្ហើយខ្ញុំសាឱពិតាន ឱណាខ្ញុំសាខ្ញុំសាឲ្យបាន
សាពិតានលោកគ្រូខ្ញុំ ខ្ញុំ សាឲ្យបានឱណាគ្រូណាសូមលោកគ្រូជួយខ្ញុំ
ខ្ញុំសារួចហើយគ្រូអើយ បើអញ្ចឹងនៅសាជើងខ្វែង
ខ្ញុំចាប់ឱណាជើងចែង ឱណាគ្រូអ្ហើយសាជើងខ្វែង
ឱណានាងណា គ្រូអ្ហើយនៅឡើយសារនាំង
ជើងខ្វែងសាហើយគ្រូអ្ហើយ នៅឡើយសារនាំង
ខ្ញុំកាត់ពីជញ្ជាំង ឱណាគ្រូណាសារនាំងរួចហើយ។
ក្រោយពីចប់ពិធីលៀងអារក្សនេះភ្លាម គេសង្កេតឃើញនិងជឿថាអ្នកជំងឺហាក់មានមុខមាត់ស្រស់បស់ និងកម្លាំងកំហែងឡើងវិញជាងធម្មតា៕