• Home
  • Contact Us
  • Links
  • Sponsorship
  • Register
Logo
logo
Logo
  • អត្ថបទថ្មីៗ
  • ពីនិពន្ធនាយក
  • ជំពូក១ ៖ របរចិញ្ចឹមជីវិត, ឧបករណ៍
  • ជំពូក២ ៖ ជំនឿ, ទំនៀមទម្លាប់
  • ជំពូក៣ ៖ សិល្បៈ , អក្សរសាស្រ្ត
  • ជំពូក៤ ៖ មរតកបុរាណ, ប្រវត្តិសាស្រ្ត
  • ជំពូក៥ ៖ ភូមិសាស្រ្ត, បរិស្ថាន, ធម្មជាតិ
  • ជំពូក៦ ៖ សម្រង់, ភាសាសាស្រ្ត
  • ជំពូក៧ ៖ សម្លេង, កុន

មុខ

ដោយ ព្រាប ចាន់ម៉ារ៉ា

នៅជំពូកទី៣ អត្ថបទលេខ៤១ ខ្ញុំបានសាកល្បងពិចារណាលើពាក្យថា “សម្តែង” ដោយ យកឧទាហរណ៍នានាមកបង្ហាញ ដើម្បីបញ្ជាក់ថា ល្ខោនដែលលេងនៅលើឆាកមួយ បើគិតឲ្យវែងឆ្ងាយទៅ គឺអ្នកសម្តែងនោះមិនមែនជាបុរស “ក” ឬនារី “ខ” ពិតៗនោះទេដែលយើងឃើញ។ រីឯទីកន្លែងដែលរឿងរ៉ាវកំពុងបង្ហាញកើតឡើងនោះ ក៏ពុំមែនជាឆាកដែលទស្សនិកជនកំពុងឃើញដែរ។ មួយទៀតសោត ពេលវេលាក៏ពុំមែនពេលវេលាដែលមនុស្សកំពុងទស្សនានោះទៀតផង។ គេសន្មតថា នោះជាព្រះរាមនៅជិតនាងសីតាកំពុងគង់ក្នុងព្រៃភ្នំចិតកូដ កាលជំនាន់ត្រៃតយុគ។ ការពិចារណាដែលខ្ញុំស្នើបន្ទាប់ទៅនេះ តពីគំនិតថា “សម្តែង” នោះឯង ដោយផ្តោតអារម្មណ៍ត្រង់ទៅលើការលាបមុខ ឬការពាក់មុខខ្មុកជាដើម ដែលធ្វើឲ្យអ្នកសម្តែងក្លាយទៅជាតួអង្គណាមួយវិញ ពោលគឺមិនមែនជាខ្លួនឯងប្រាកដ។

ឧទាហរណ៍ច្បាស់ដែលបង្ហាញថា ការគូរមុខ ឬពាក់មុខ ជាការដូរអាត្មាទៅទីទៃទៀត មានបង្ហាញនៅរូបលេខ១។ នេះគឺព្រះសពនៃព្រះករុណាព្រះរាជានុកោដ្ឋ (ព្រះបាទស៊ីសុវត្ថិ) ដែលគេរៀបឲ្យមានព្រះហស្តប្រណម្យ ហើយជាពិសេសព្រះភក្ត្រមានមុខផ្សេងធ្វើពីមាស ដែលគេយកមកគ្រប។ មុខនេះមាននាទីសម្រាប់បង្ហាញថា នេះលែងជាព្រះករុណាព្រះបាទស៊ីសុវត្ថិទៀតហើយ តែគឺជាអង្គថ្មីក្នុងជាតិថ្មីមួយទៀត ដែលយាងទៅគង់នៅសុគតិភព។

រូបលេខ១

រូបលេខ១

រហូតមកដល់រាជ្យព្រះករុណាព្រះបាទមុនីវង្ស អ្នករាំល្ខោនព្រះរាជទ្រព្យ (ហៅជាទូទៅថា “ល្ខោនហ្លួង”) តែងផាត់ម្សៅមុខឡើងសស្គុស ដែលបង្ហាញថា ការផាត់នោះពុំមែនគ្រាន់តែលើកស្បែកឲ្យមានសម្រស់ជាងធម្មតាប៉ុណ្ណោះឡើយ តែគឺធ្វើឲ្យស្បែកនោះលែងមានពណ៌ជាប្រក្រតីថាជាស្បែកមុខមនុស្ស (រូបលេខ២-៣)។ ពុំតែប៉ុណ្ណោះទេ តាមមើលទៅប្រហែលជាមានន័យថា នាងទាំងនោះមិនមែនជាមនុស្សលោកឡើយផងក៏មិនដឹង ហើយបើពិចារណាលើពណ៌ដែលមិនមែនជាពណ៌ ពោលគឺ “ស” នោះផង គឺហាក់ដូចជាគេមិនហ៊ានបង្ហាញថា ទេពធំតូច ឬក៏ធីតានានានៅសួគ៌ាល័យ យើងស្មានមុខមិនត្រូវឡើយ ដ្បិត “ស” ប្រៀបដូចជាអព្យាក្រឹត ថាអ្វីឲ្យចំប្រាកដមិនបាន។ ប្រការនេះពុំមែនមានតែខ្មែរទេដែលយល់ដូច្នោះ នៅប្រទេសជប៉ុនជាដើមក៏ដូចគ្នា។ បើកាលណារាំនោះជាការរាំថ្វាយព្រះផង គឺអ្នករាំដែលមានមុខសស្គុសស្រាប់នោះមិនអាចបញ្ចោញទឹកមុខអ្វីបន្តិចថា រីករាយ ឬកើតទុក្ខ ដោយធ្វើមុខញញឹម ឬស្រពាប់ស្រពោនជាដាច់ខាត (រូបលេខ៤-៥)។ ឯខ្មែរវិញទោះបីសព្វថ្ងៃយើងអាចឃើញអ្នករាំមានទឹកមុខញញឹមបន្តិចបន្តួច ក៏មិនអាចញញឹមខ្លាំងទេ កុំថាឡើយដល់ទៅមានសើចក្អាកក្អាយនោះ។

រូបលេខ២

រូបលេខ២

រូបលេខ៤

រូបលេខ៤

រូបលេខ៣

រូបលេខ៣

រូបលេខ៥

រូបលេខ៥

ក្រៅអំពីការលាបមុខដោយម្សៅ ដូចយើងដឹងស្រាប់ហើយ តួអង្គរបំាបុរាណខ្លះពាក់ “មុខ” ដែលជាខ្មុកតែម្តង។ មុខនោះមានដូចជា យក្ស (រូបលេខ៦), ស្វា (រូបលេខ៧-៨), ឥសី, គ្រុឌ (រូបលេខ៩) ឬក៏សត្វដទៃទៀតជាដើម។ ជាទូទៅមុខទាំងនោះគេគោរពខ្លាំងណាស់ មិនអាចយកទៅដាក់ចោលនៅទីនេះទីនេះរកេតរកូតឡើយ បើមុខឥសីជាដើមផង គឺកាន់តែគោរពខ្លាំងលើសលប់ទៅទៀត ដោយគេចាត់ទុកថាជាគ្រូធំ (រូបលេខ១០)។ បើនៅតំបន់ខ្លះៗជិតក្រុងភ្នំពេញផង គេអាចឃើញមានអ្នកតាខ្លះដែលជាតួអង្គក្នុងរឿងរាមកេរ្តិ៍។ បើអ្នកតានោះជាហនុមាន (ច្រើនហៅថា “អ្នកតាកំហែង”) អ្នកស្រុកក៏តម្កល់មុខហនុមាននៅក្នុងខ្ទមអ្នកតានោះ (រូបលេខ១១)។

រូបលេខ៦

រូបលេខ៦

រូបលេខ៨

រូបលេខ៨

រូបលេខ១០

រូបលេខ១០

រូបលេខ៧

រូបលេខ៧

រូបលេខ៩

រូបលេខ៩

រូបលេខ១១

រូបលេខ១១

ប្រពៃណីធ្វើមុខខ្មុកកាលពីមុនមកខ្លាំងក្លាណាស់ ហើយនៅស.វ.ទី២០គេយកមកបង្រៀននៅសាលារចនាដោយចាត់ទុកថា ជាវិជ្ជាមួយសំខាន់ផង ដ្បិតក្រៅពីបច្ចេកទេសសុទ្ធ គឺតម្រូវឲ្យមានទឹកដៃទៀត(រូបលេខ១២-១៣)។ សព្វថ្ងៃក៏នៅមានអ្នកខ្លះខំបន្តការងារនេះទៅទៀតដែរ (រូបលេខ១៤-១៥)។

រូបលេខ១២

រូបលេខ១២

រូបលេខ១៤

រូបលេខ១៤

រូបលេខ១៣

រូបលេខ១៣

រូបលេខ១៥

រូបលេខ១៥

ក្រៅអំពីនេះ ជួនកាលមុខគ្រាន់តែមាននាទីជួយបញ្ជាក់គំនិតខ្លះៗ តែពុំមែនមានជម្រៅអ្វីខ្លាំងទៅក្នុងជំនឿឡើយ។ រូបលេខ១៦-១៧ ជាគំនូរបង្ហាញអំពីល្ខោនហ្លួង ដែលតែងសម្តែងក្នុងរាជ្យព្រះករុណាព្រះបាទនរោត្ដម។ ក្នុងនោះយើងឃើញថា គេមិនអាចទៅយកសេះពិតប្រកដមកអូសរទេះលើឆាកបានឡើយ ដូច្នេះមនុស្សពីនាក់ដែលអូសនោះក៏ពាក់មុខជាសេះ ដែលគ្រាន់តែជាការបញ្ជាក់ថា សេះអូសរទេះប៉ុណ្ណោះ។ រូបលេខ១៨-២០ ក៏ដូចគ្នា គឺថាក្នុងល្បែងដែលបង្ហាញសត្វប្រើសជល់គ្នា គឺមនុស្សនោះឯងដែលពាក់មុខប្រើស បើជាសេះវិញក៏ដូច្នោះ។

រូបលេខ១៦

រូបលេខ១៦

រូបលេខ១៨

រូបលេខ១៨

រូបលេខ២០

រូបលេខ២០

រូបលេខ១៧

រូបលេខ១៧

រូបលេខ១៩

រូបលេខ១៩

តែបើយើងមើលទៅចម្លាក់បុរាណខ្លះវិញ ដូចជានៅប្រាសាទបាយ័ន្ត (ស.វ.ទី១២) ជាដើម ប្រហែលជាវែងឆ្ងាយជាងនោះ។ នៅរូបលេខ២១-២២ យើងឃើញព្រានម្នាក់កំពុងយិតធ្នូបាញ់ឈ្លូស ឯខ្លួនគាត់ក៏ពាក់មុខឈ្លូសដែរ។ ការពាក់មុខនេះមិនសមថា គ្រាន់តែពាក់ដើម្បីឲ្យខ្លួនដូចឈ្លូសប៉ុណ្ណោះទេ ព្រោះសត្វមិនល្ងង់ដល់ថ្នាក់នោះឡើយ ដ្បិតសត្វមានញាណតាមធម្មជាតិរបស់វា គឺពូកែស្តាប់សម្រិបជើង ហើយជាពិសេសវាដឹងក្លិនជាងមនុស្សយើង។ ការដែលពាក់នេះប្រហែលជាទាក់ទងនឹងមន្តអាគម ឬរបៀនអ្វីទៀតផង គឺថាឲ្យឆ្វាក់នឹងសត្វដូចមុខដែលខ្លួនពាក់នោះ ហើយធ្វើឲ្យវាភាន់ភាំងថាជាគ្នាវាទៀតផង។ ជំនឿរបៀបនេះមនុស្សលោកពីមុនមកតែងមានជាទូទៅ។ បើរូបលេខ២៣-២៤វិញ ទើបធ្វើឲ្យយើងពិបាកបកស្រាយ។ នៅរោងទងខាងខាងត្បូងនៃប្រាសាទអង្គរវត្តត្រង់កំណាត់ខាងលិច យើងឃើញមានការហែទ័ពគគ្រឹកគគ្រេង។ ទ័ពនោះគឺចម្រុះគ្នាទៅដោយកងពលផ្សេងៗ ហើយពលមួយចំនួនធំសុទ្ធសឹងមានឯកសណ្ឋានផ្សេងៗគ្នាជាទីសម្គាល់។ មុខនៅទីនេះយកមកពាក់ជាមួក ហើយជារូបសត្វខុសៗគ្នា។ តើត្រង់នេះគ្រាន់តែជាគ្រឿងសម្គាល់ ឬក៏មានន័យវែងឆ្ងាយលើសអំពីនោះ។ បើថាគ្រាន់តែជាគ្រឿងសម្គាល់ហាក់ដូចជាធ្វើឲ្យយើងមិនអស់ចិត្ត ព្រោះសមតែមុខទាំងនោះមានជាប់ទៅនឹងមន្តអាគមអ្វីផ្សេងៗទៀត ដ្បិតអ្នកពាក់ទាំងអម្បាលម៉ានសុទ្ធសឹងជាអ្នកចម្បាំងនៅក្នុងជួរទ័ព ហើយយើងដឹងស្រាប់ហើយថា កាលណាជាទាហានហើយ គឺទាំងអាត្មាយើង ទាំងអាត្មាគេទៅរលាយចូលគ្នាក្នុងឯកសណ្ឋានតែមួយ ដែលមិនមែនជាសម្លៀកបំពាក់យើងផ្ទាល់ខ្លួន ឯវិន័យសោតក៏ជាវិន័យរួម ដែលយើងមិនប្រតិបត្តិឡើយពេលយើងនៅផ្ទះសម្បែងរៀងៗខ្លួន។

រូបលេខ២១

រូបលេខ២១

រូបលេខ២៣

រូបលេខ២៣

រូបលេខ២២

រូបលេខ២២

រូបលេខ២៤

រូបលេខ២៤

ទោះជាមានចម្លើយក្តី ពុំមានចម្លើយក្តី ក៏ឧទាហរណ៍ទាំងប៉ុន្មានដែលពោលពីខាងលើមកបង្ហាញថា ការលាបមុខ, ការពាក់មុខ... សុទ្ធសឹងជាការដូរអាត្មាទៅតាមកម្រិតនិងបរិបទផ្សេងៗគ្នា។

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៨

ចំនួនអត្ថបទ ១៧ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (រូបពណ៌ទាំងអស់) ៖ ៦​ +​​ ១២២ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៧៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០២៣

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៧

ចំនួនអត្ថបទ ១៨ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (រូបពណ៌ទាំងអស់) ៖ ៦​ +​​ ១១៤ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៧៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០២២

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៦

ចំនួនអត្ថបទ ១៧ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (រូបពណ៌ទាំងអស់) ៖ ៦​ +​​ ១២៤ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៧៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០២១

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៥

ចំនួនអត្ថបទ ១៨ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (រូបពណ៌ទាំងអស់) ៖ ៦​ +​​ ១២៥ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០២០

អាហារនៅជនបទអង្គរ

ដោយ អាំង ជូលាន
យសោធរ, ភ្នំពេញ ២០២០
ក្របរឹង, ២០ ស.ម. x ២៦ ស.ម., ៣១០ ទំព័រ, ចំនួនរូប ៖ ៥២២
ភាសាខ្មែរនិងបារាំងទល់គ្នា
ISBN-13: 978-99249-394-0-5

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៤

ចំនួនអត្ថបទ ១២ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១០០ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០១៩

មូលដ្ឋានរៀនខ្មែរបុរាណ២០១៨

ដោយ អាំង ជូលាន
យសោធរ, ភ្នំពេញ
ផ្សព្វផ្សាយលើកទី១ ៖ ២០១៣ (អស់ពីឃ្លាំង)
ផ្សព្វផ្សាយលើកទី២ ៖ ២០១៨
vii + ២៨២ ទំព័រ
ISBN: 978-99963-818-0-5

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៣

ចំនួនអត្ថបទ ២០ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១០៤ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០១៨

ដំណើរជីវិតមនុស្សខ្មែរមើលតាមពិធីឆ្លងវ័យ

ដោយ អាំង ជូលាន, ព្រាប ចាន់ម៉ារ៉ា, ស៊ុន ចាន់ដឹប
ផ្សព្វផ្សាយដោយ យសោធរ,​ ភ្នំពេញ​ ២០១៤
ចំនួនទំព័រ (អត្ថបទនិងរូប) ៖ ១១១
តម្លៃ ៖ ២៨០០០រៀល ឬ ៧ ដុលា្លរ, ISBN: 978-99950-895-0-4

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១១

ចំនួនអត្ថបទ ១៩ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១២០ ទំព័រ
តម្លៃ ៖ ១២០០០រៀល ឬ ៣ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០១៦

មូលដ្ឋានរៀនខ្មែរបុរាណ

ដោយ អាំង ជូលាន
ផ្សព្វផ្សាយដោយ យសោធរ,​ ភ្នំពេញ​ ២០១៣
vii + ២៨២ ទំព័រ
ISBN: 978-99963-818-0-5

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ៩

ចំនួនអត្ថបទ ២៩ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១៥០ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយ យសោធរ,​ ភ្នំពេញ​ ២០១៤

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១០

ចំនួនអត្ថបទ ២០ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១០០ ទំព័រ
តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០១៥

  • អំពីយើង
  • ទំនាក់ទំនង
  • បាឋកថា
  • ឧទ័យ
  • KhmeRenaissance
  • សៀវភៅ
Flag Counter

share on:

© Yosothor.org 2017. All right reserved