• Home
  • Contact Us
  • Links
  • Sponsorship
  • Register
Logo
logo
Logo
  • អត្ថបទថ្មីៗ
  • ពីនិពន្ធនាយក
  • ជំពូក១ ៖ របរចិញ្ចឹមជីវិត, ឧបករណ៍
  • ជំពូក២ ៖ ជំនឿ, ទំនៀមទម្លាប់
  • ជំពូក៣ ៖ សិល្បៈ , អក្សរសាស្រ្ត
  • ជំពូក៤ ៖ មរតកបុរាណ, ប្រវត្តិសាស្រ្ត
  • ជំពូក៥ ៖ ភូមិសាស្រ្ត, បរិស្ថាន, ធម្មជាតិ
  • ជំពូក៦ ៖ សម្រង់, ភាសាសាស្រ្ត
  • ជំពូក៧ ៖ សម្លេង, កុន

ពិធីសុំទឹកភ្លៀងមួយបែប

ដោយ ជី រដ្ឋា, ស៊ុន ចាន់ដឹប, ហួត សំណាង

ដូចយើងដឹងស្រាប់ បញ្ហាភ្លៀងជាកង្វល់ធំនៃអ្នកស្រុកដែលប្រកបរបរចិញ្ចឹមជីវិតដោយសារការដាំដុះប្រវាស់មេឃ។ ទោះបីមានភ្លៀងហើយក៏ពុំមែនមានន័យថាអស់កង្វល់ដែរ គឺទាល់ តែភ្លៀងនោះធ្លាក់មកក្នុងបរិមាណសមល្មម ហើយត្រូវពេលវេលា។ ជាទូទៅនៅប្រទេស កម្ពុជា គេតែងបួងសួងសុំទឹកភ្លៀងនៅពេល ឡើងអ្នកតា។ រីឯការឡើងនោះ ស្រុកភូមិខ្លះនិយមធ្វើធំក្រោយពេលប្រមូលភោគផលរួចរាល់គ្រប់គ្រួសារហើយ ហើយច្រើនធ្វើនៅខែបុស្សឬខែមាឃ។ ស្រុកខ្លះទៀតឲ្យសារសំខាន់ទៅលើដើមរដូវធ្វើស្រែទៀតផង ហើយកិច្ចឡើងអ្នកតានោះច្រើនធ្វើនៅខែពិសាខ។ រីឯឈ្មោះហៅពិធីទាំងពីរក៏អាស្រ័យទៅតាមតំបន់ដែរ។ នៅក្នុងបណ្តាញពត៌មានវប្បធម៌ខ្មែរនេះ គេអាចអានជំពូកទី២, លេខរៀងទី២២, ៣៤, ៣៩ និង៥១។ មួយវិញទៀតនៅតាមតំបន់ខ្លះ នៅឆ្នាំណាដែលរាំងស្ងួត អ្នកស្រុកនាំគ្នាធ្វើពិធីអ្វីមួយបន្ថែមលើនោះទៅទៀតដែលហៅជាទូទៅថាសុំទឹកភ្លៀង។

ពិធីដែលយើងខ្ញុំលើកមកនិយាយនៅទីនេះមានលក្ខណៈពិសេសបន្តិច ដ្បិតទីមួយទាល់តែ បីឆ្នាំទើបធ្វើម្តង ទីពីរធ្វើឡើងនៅខែជេស្ឋឬខែអាសាឍ ពោលគឺនៅពេលដែលស្រែចាប់ផ្តើមធ្វើរួចបន្តិចមកហើយ។ នៅទីនេះយើងខ្ញុំសូមលើកយកពិធីឡើងអ្នកតារបស់អ្នកស្រុកនៅឃុំសំរោង, ស្រុកព្រៃឈរ, ខេត្តកំពង់ចាមដែលធ្វើនៅថៃ្ងទី៧ ខែកក្តដា ឆ្នាំ២០១៦មកបង្ហាញ។ អ្នកឃុំសំរោងតែងធ្វើកិច្ចនេះរួមគ្នារបីភូមិ គឺភូមិសំរោង, ភូមិកណ្តោលកោង និងភូមិវាល។ នៅក្នុងឃុំទាំងមូលមានអ្នកតាសំខាន់ពីរ គឺអ្នកតាគោលដែលមានខ្ទមនៅជាយភូមិកណ្តោល កោង, អ្នកតាមាស មានខ្ទមនៅកណ្តាលភូមិសំរោង។ អ្នកតាមាសហាក់ដូចជាសំខាន់ជាងគេ មិនតែប៉ុណ្ណោះនៅចម្ងាយប្រមាណ៥០ម.ពីខ្ទម មានថ្មគោលមួយដែលពីមុនមកនៅចំកណ្តាលភូមិ ហើយដែលគេចាត់ទុកថាជា «ផ្ចិតភូមិ» (អំពីផ្ចិតភូមិនេះសូមអានជំពូកទី២, លេខរៀងទី៤៧)។

ក្នុងពិធីទាំងមូលយើងឃើញមានកិច្ចសំខាន់ៗដូចជាកិច្ចពានកង្កែប, កិច្ចសែនអ្នកតាមាស, កិច្ចលេងនាងដុង, កិច្ចបំបែកចង្អេរជាដើម ។ ចាប់ពីល្ងាចថ្ងៃ១កើតដល់ថ្ងៃ៣កើត គេនាំគ្នាលេងល្បែងដែលជាកិច្ចហៅថា «ពានកង្កែប» នៅមុខខ្ទមអ្នកតាគោល។ កិច្ចនេះ គេលេងតែពេលរសៀលប៉ុណ្ណោះ។ ចំណែកថ្ងៃ៣កើតជាថ្ងៃសំខាន់ជាងគេ ដ្បិតកិច្ចពិធីធ្វើពេញមួយថ្ងៃពីព្រឹកទល់ល្ងាចតែម្តង គឺពេលព្រឹកមានរៀបចំវេរចង្ហាន់ប្រគេនព្រះសង្ឃ បន្ទាប់មកមានរៀបចំរណ្តាប់សម្រាប់ពិធីឡើងអ្នកតាមាសផង។ នៅម៉ោង៨យប់ថ្ងៃដដែល បន្ទាប់ពីកិច្ចឡើងអ្នកតាមាសចប់ទៅ អ្នកស្រុកនាំគ្នាធ្វើកិច្ចមួយទៀតគឺកិច្ច «លេងនាងដុង» នៅទីតាំងផ្ចិតភូមិ។ កិច្ចនេះគេលេងរាល់យប់ចាប់ពីថ្ងៃ៣កើតដល់ថ្ងៃ៥កើតជាថ្ងៃចុងបំផុតនៃពិធីទាំងមូល។ នៅក្នុងនោះមានកិច្ចក្រោយគេ សម្រាប់បញ្ចប់ពិធីហៅថា «បំបែកចង្អេរ» ដែល គេធ្វើនៅយប់ថ្ងៃ៥កើតដែរ។

- លេងកង្កែប ៖ កិច្ចនេះគេធ្វើបីថ្ងៃជាប់ៗគ្នានៅនឹងខ្ទមអ្នកតាគោលក្នុងភូមិកណ្តោលកោង មុននឹងហែរក្បួនមកសែនអ្នកតាមាសនៅក្នុងភូមិសំរោង។ ក្នុងកិច្ចនេះមានតែស្រ្តីវ័យកណ្តាលដែលមានប្តីហើយនិងស្ត្រីវ័យចំណាស់ប៉ុណ្ណោះដែលអាចចូលរួមលេងបាន ឯក្មេងក្រមុំពេញវ័យគេពុំអនុញ្ញាតឲ្យចូលលេងទេ។ ចំណែកប្រុសៗវិញគឺដាច់ខាតគេពុំឲ្យមកមើលឡើយ។ បើពីដើមមុនមកផង ពេលធ្វើកិច្ចនេះគេមានអ្នកយាមការពារខ្លាចប្រុសៗមក លួចមើល ហើយបើមានប្រុសចូលរួមក៏ប្រុសនោះតែងមានចរិតទោរទៅរបៀបជាមនុសស្រីដែរ។ ការដែលហាមប្រាមដូច្នេះដ្បិតក្រៅពីពិធីសែនអ្នកតា គេនាំគ្នាសម្តែងធ្វើជាកង្កែបពានគ្នា ពោលគឺពោបលើគ្នាធ្វើកាយវិការរបៀបកង្កែបដោយញីឈ្មោល ហើយលោតផ្លោតៗ ខ្លះពានគ្នាលើគោក ខ្លះទៀតពានគ្នាក្នុងទឹក ហើយស្រែកទ្រហឹង ខ្លះធ្វើជាសួរគ្នាអំពីរឿងភ្លៀងនិងនិយាយពីអ្នកតា (រូបលេខ១-៣)។ ក្រៅពីធ្វើត្រាប់កង្កែប មានអ្នកខ្លះទៀតដើរតួជាសត្វដំរីដើម្បីឲ្យអ្នកតាជិះ (រូបលេខ៤)។ ត្រង់នេះអ្នកស្រុកសន្មត់ថាដំរីនោះជាដំរីរបស់អ្នកតាមាសជិះមកពីស្រុកលើ ហើយសព្វដងគេតែងតែលេងធ្វើដំរីនៅកន្លែងសែនអ្នកតាមាស។ ដោយឡែកឆ្នាំនេះ ដោយសារមានភ្លៀងធ្លាក់ចំពេលដែលពួកគាត់លេង ទើបពួកគាត់សម្រេចលេងធ្វើដំរីនៅកន្លែងលេងកង្កែបនឹងខ្ទមអ្នកតាគោលតែម្តងទៅ ។ ក្នុងមួយពេលៗ គេលេងពានកង្កែប៣ដង និងច្រៀងចម្រៀង៣បទដើម្បីបញ្ជាន់រូបអ្នកតា។ អ្នកតាដែលគេសម្បូងសង្រូងរក មានអ្នកតាគោល, អ្នកតាមាស និងខ្មោចផ្សេងៗទៀត។ ចុងក្រោយគេច្រៀងលេងអុំទូកភ្នាល់គ្នាជាមួយអ្នកតា។ ទូកនោះគ្រាន់តែជាការឧបកិច្ចប៉ុណ្ណោះ គឺអ្នកដែលដើរតួលេងធ្វើកង្កែបទាំងប៉ុន្មានឈរតម្រង់ជួរទល់មុខគ្នាជា២ជួរ ហើយនៅកណ្តាលទូកគេឃើញមានយាយម្នាក់ដែលជារូបស្នងឲ្យអ្នកតា។ គាត់ច្រៀងផងអុំផងនិង បាចទឹកផង (រូបលេខ៥-៦)។ គេឧបកិច្ចធ្វើឲ្យអ្នកតាចាញ់។ ដូច្នោះហើយជាថ្នូរនៃការចាញ់ អ្នកភូមិតែងបន់សុំទឹកភ្លៀងនិងសេចក្តីសុខក្នុងភូមិពីអ្នកតានោះវិញ។ ឯគ្រឿងរណ្តាប់សម្រាប់ថ្វាយអ្នកតានៅពេលធ្វើកិច្ចមានដូចជា នំចំណី២ចាន, ផ្កាភ្ញី និងទឹកសម្រាប់ច្រូច។ ក្រៅពីនេះគេឃើញមានឧបករណ៍បួនប្រភេទទៀតគឺ ក្រាប់ (ជាឬស្សីមួយកំណាត់វែងប្រមាណ២ម៉ែត្រ និងកំណាត់ឬស្សីខ្លីប្រហែលជា៣តឹក) សម្រាប់គោះពេលគេច្រៀងថ្វាយអ្នកតា, ទ្រធ្វើពីធាងល្ហុង (គេចងខ្សែនីឡុងនិងយកដបទឹកមកធ្វើ...), ប៉ីធាងល្ហុង (រូប លេខ៧-៨) និងចុងក្រោយគឺគេប្រើដៃទាំង២ទះភ្លៅបន្លឺសម្លេង ហាក់ដូចជាគេកំពុងទះស្គរដូច្នោះដែរ។ គេច្រៀងចម្រៀងចំអកចំអន់ទៅអ្នកតា ដោយទំនុកនោះមានលាយឡំនឹងពាក្យ បញ្ឆិតបញ្ឆៀងទៅរកខ្មាសស្រីនិងខ្មាសប្រុស (ពោលគឺភេទរបស់មនុស្សស្រីនិងមនុស្សប្រុស)។

រូបលេខ១

រូបលេខ១

រូបលេខ២

រូបលេខ២

រូបលេខ៤

រូបលេខ៤

រូបលេខ៣

រូបលេខ៣

រូបលេខ៥

រូបលេខ៥

រូបលេខ៦

រូបលេខ៦

រូបលេខ៧

រូបលេខ៧

រូបលេខ៨

រូបលេខ៨

- សែនអ្នកតាមាស ៖ បន្ទាប់ពីលេងកង្កែបបានបីថ្ងៃនៅឯខ្ទមអ្នកតាគោលចប់សព្វគ្រប់ នៅថ្ងៃទីបីដដែលនោះ អ្នកដែលដើរតួធ្វើកង្កែបក៏នាំគ្នាហែរមកកាន់កន្លែងអ្នកតាមាសដែលនៅក្នុងភូមិសំរោងដើម្បីធ្វើកិច្ចបន្ត (រូបលេខ៩)។ ប៉ុន្តែមុននឹងហែរក្បួនកង្កែបមកខ្ទមអ្នកតាមាស អ្នកភូមិនាំគ្នាដើររកចាប់សត្វផ្សេងៗដែលគេហៅថា «ល្បើកសត្វ» មានដូចជាកណ្តុរ, ពស់...មកថ្វាយអ្នកតា។ ពេលចេញល្បើកសត្វ គេចែកទិសគ្នារក ដោយចេញពីភូមិទៅតាមទិសខាងលិច ហើយពេលត្រឡប់ចូលភូមិវិញគឺមកពីទិសខាងកើត។ ក្នុងកិ្ចចនេះក៏ឃើញមានរៀបចំគ្រឿងរណ្តាប់មួយចំនួនដែរដូចជាពែជើងត្រុំ៩ថ្នាក់ដែលមានមាន់ឆ្កាងពីលើ (រូបលេខ១០), សង្ឃឹកដាក់សត្វ (រូបលេខ១១), ពែសាលា២ ក្នុងនោះមួយមានដំបូល មួយទៀតអត់ដំបូល និងពែ៧រួតចំនួន២ (រូបលេខ១២) ។ ពែទាំងនោះគេរៀបដាក់នៅទិសខាងកើតបែរមុខទៅរកខ្ទមអ្នកតា។ ចំណែកនៅខាងក្នុងខ្ទមអ្នកតាវិញគេមានរៀបគ្រឿងរណ្តាប់ខ្លះៗដូចជាបាយសីប៉ាក់ឆាម, ជម (រូបលេខ១៣) និងក្រែមប្រេងម៉្សៅជាដើម ហើយមានមនុស្សប្រុស២នាក់ចាំច្រូចស្រាថ្វាយអ្នកតាផង។

រូបលេខ៩

រូបលេខ៩

រូបលេខ១០

រូបលេខ១០

រូបលេខ១១

រូបលេខ១១

រូបលេខ១២

រូបលេខ១២

រូបលេខ១៣

រូបលេខ១៣

ដូចកាលនៅខ្ទមអ្នកតាគោលដែរ ពេលសែនព្រេនថ្វាយអ្នកតាមាសរួច គេនាំគ្នាលេងអុំទូក អមដោយភ្លេងអារក្សផង។ ក្នុងការលេងនេះ អ្នកតាជាអ្នកចាញ់ ហើយជាថ្នូរនៃការចាញ់នោះ អ្នកស្រុកបែរបន់សុំសេចក្តីសុខ សុំមានភ្លៀងធ្លាក់គ្រប់គ្រាន់។ បើទោះជាមានភ្លៀងធ្លាក់ពេលកំពុងធ្វើពិធីក្តី អ្នកដែលស្នងរូបអ្នកតានៅតែស្រោចទឹកដែលបានត្រៀមស្រេចដល់អ្នកភូមិដែរ (រូបលេខ១៤)។ បន្ទាប់មកគេចាប់ផ្តើមសែនបញ្ជាន់រូបអ្នកតាផេ្សងៗ ពិសេសគឺបញ្ជាន់រូបអ្នកតាមាស (រូបលេខ១៥)។ ដោយសារគេលេងធ្វើដំរីរួចម្តងហើយពេលលេង ពានកង្កែប ដូច្នេះគេពុំលេងទៀតទេ។ ពេលវេលានៃពិធីពុំមានកំណត់ទេ ពេលខ្លះអ្នកតាពុំព្រមចូល គេត្រូវច្រៀងអន្ទងហៅយូរ។ ឯពាក្យជាច្រើនក្នុងទំនុកច្រៀងតែងទាក់ទងនិងខ្មាសស្រី។

រូបលេខ១៥

រូបលេខ១៥

រូបលេខ១៤

រូបលេខ១៤

- លេងនាងដុង ៖ ពាក្យនាងដុងនេះយើងខ្ញុំពុំយល់ន័យឡើយ។ ឯកិច្ចវិញ គេធ្វើនៅពេល យប់ម៉ោងប្រមាណជា៧ឬ៨ ហើយធ្វើជាប់គ្នា៣យប់បន្ទាប់ពីយប់ចុងក្រោយនៃកិច្ចលេងកង្កែប ឬក្រោយពេលសែនព្រេនអ្នកតាមាសរួច នៅក្នុងបរិវេណដីផ្ចិតភូមិ ក្នុងភូមិសំរោងចម្ងាយប្រមាណជា៥០ម៉ែត្រពីខ្ទមអ្នកតាមាស។ មុនពេលធ្វើពិធី គេយកចង្អេរ២មក ចងផ្ទប់មុខចូលគ្នា អមដោយដងរែកចំនួន៤ចងខ្វែងជាជើងក្អែក ហើយទុកផ្នែកខាងក្រោមរាងវែងបន្តិចសម្រាប់ធ្វើជាដងកាន់។ គេឲ្យក្មេងស្រីព្រហ្មចារី២នាក់អាយុប្រមាណជា១១-១២ឆ្នាំមកអង្គុយកាន់ចង្អេរនោះដែលគេដាក់បញ្ឈរក្នុងក្រឡុកមួយចម្ងាយប្រមាណជា២ម៉ែត្រទល់មុខផ្ចិតភូមិ ដោយមានតុបតែងផ្កាភ្ញីនិងលំអដោយចង្ក្រង់ធ្វើពីសំបកខ្យងខ្ចៅចំនួន៣ខ្សែ។ ផ្នែកចុងទាំងសងខាងនៃដងរែកដែលលៀនចេញមកមាន២ខែ្ស ឯនៅពីខាងលើចង្អេរមាន១ខ្សែទៀត (រូបលេខ១៦)។ ក្នុងចង្អេរដែលគេចងផ្ទប់គ្នានោះ គេដាក់បំណែកកញ្ចក់, ក្រាស់សិត សក់និងសក់ស្រីក្រមុំ។ ក្នុងមួយយប់ៗគេលេងនាងដុង៣ដង និងសែន៣ដងដែរ ដោយមានរៀបរណ្តាប់ដូចជាចំណីចំណុក, ផ្កា, ប្រេងម្ស៉ៅ…។ ទីដែលសែននោះសំខាន់ជាងគេគឺនៅត្រង់ផ្ចិតភូមិ។ ក្នុងពេលសែនចង្អេរគេរើសរកមនុស្សម្នាក់ជាអ្នកកាន់ចង្អេរ និងម្នាក់ទៀតជាអ្នកកាន់អង្រែ ហើយអ្នកនោះត្រូវកាន់រហូតដល់ចប់ពិធីរយៈពេល៣ថ្ងៃដោយពុំអាចមាននរណាមកដូរជំនួសឡើយ។ ក្នុងកិច្ចសែននេះ គេឃើញមានស្រី្តចំណាស់ម្នាក់ជាអ្នកឈរមើលខុសត្រូវ។ អង្រែដែលសែនរួច គេយកទៅឲ្យប្រុសៗកាន់ (រូបលេខ១៧)។ នៅក្រុមម្ខាងទៀតគេឃើញប្រុសៗអង្គុយទល់មុខគ្នាជា២ជួរដោយមានកាន់កំណាត់ឬស្សីគ្រប់ដៃសម្រាប់វាយលើដើមឬស្សី១ដើមវែងដែលគេដាក់សណ្តូកនៅចំចន្លោះកណ្តាលហៅថា «វាយក្រាប់» (រូបលេខ១៨-១៩) ។ នៅនឹងដើមឬស្សីនោះក៏គេមានធ្វើកិច្ចច្រូចស្រាដែរ ហើយមានច្រៀងដោយគ្មាននរណាមួយយល់ទំនុកថា ៖

រូបលេខ១៦

រូបលេខ១៦

រូបលេខ១៧

រូបលេខ១៧

រូបលេខ១៨

រូបលេខ១៨

រូបលេខ១៩

រូបលេខ១៩

         អើយម៉ែនាងវ៉ាក់ អើយម៉ែញ៉ាក់ញ៉ែ ម៉ែសូរ៉ែៗនាងដុង (ច្រៀងដដែលៗចំនួន៣ដង)។

         សូម៉ែកយអើយ សូម៉ែនាងដុង សាម៉ឺតឡុងខុង សាម៉ុងឡុងឃាន ម៉ែវៀនៗសៅង៉ោកៗ បោកគូផែងៗម៉ែវាង។

         ឡៅអើយ ឡៅផែងៗ កាចឺតផែងម៉ា កយៗនាងវ៉ា អិនប្រាក់ម៉ាអំអិន សុភិនគិនសា ម៉ែដូលូ អើយណាំម៉ាយគ្រី។

លុះពេលសែនព្រេនចប់ហើយ អ្នកវាយក្រាប់ចាប់វាយផងច្រៀងផង ឯអ្នកកាន់ចង្អេរក៏ចាប់ផ្តើមរេចង្អេរទៅមុខទៅក្រោយៗ រួចផ្កាប់ចង្អេរដល់ដី៣ដងពីលើអង្រែដែលផ្តេកហើយស្រាប់។ ពេលចង្អេរដល់ដីម្តងៗ ក្មេងទាំង២លើកចង្អេរនោះអុកចូលក្នុងក្រឡុកនោះវិញ។ លុះផ្កាប់ចង្អេរគ្រប់៣ដងហើយ ក្មេងទាំង២លើកចង្អេរនោះដើរទៅរកកន្លែងអ្នកវាយក្រាប់ដោយដើរបណ្តើរអុកដីបណ្តើរ។ ពេលដើរទៅដល់ហើយគេលើកចង្អេរនោះទៅគោះនឹង ឬស្សីវាយក្រាប់៣ដង រួចរត់យ៉ាងលឿនទៅស្វែងរកអង្រែ ដ្បិតខណៈពេលដែលក្មេងស្រីលើកចង្អេរដើរមកគោះឬស្សីក្រាប់នោះ បុរសដែលកាន់អង្រែលួចយកអង្រែនោះទៅលាក់ទុក។ ពេលរកឃើញអង្រែ គេយកចង្អេរគោះលើអង្រែនោះ៣ដងរួចហុចចង្អេរនោះឲ្យទៅ ស្រ្តីដ៏ទៃដើម្បីដេញវាយប្រុសៗ។ វាយនេះគេសន្មត់ថាដេញចង្រៃឧបទ្រពចេញ (រូបលេខ ២០-២១)។ អ្នកខ្លះជឿថាបើកាន់ចង្អេរវាយគេ តែវាយពុំត្រូវ ចង្អេរនោះហាក់ដូចជាធ្ងន់ទៅៗ។ ក្នុងពេលកាន់ដេញវាយនោះ ប្រុសៗនាំគ្នាស្រែកច្រៀងញ៉ោះទៅអ្នកដេញថា «សារាយនាងថោងៗ...»។ នៅគម្រប់ជាបីយប់នៃការលេងនាងដុង គេយកចង្អេរនោះទៅកន្លែងមួយស្ងាត់ដើម្បីពុះបំបែកចេញពីគ្នា (ចង្អេរ២ ដងរែក៤) ហើយគ្រឿងដែលដាក់ក្នុងចង្អេរនោះ គេចាក់ចោលនៅទីនោះតែម្តង។ បន្ទាប់ពីនោះមក ស្រីៗនៅតែយកចង្អេរនិងដងរែកដេញវាយប្រុសៗដដែលរហូតដល់គេប្រកាសថាឲ្យឈប់ទើបឈប់បាន។

រូបលេខ២០

រូបលេខ២០

រូបលេខ២១

រូបលេខ២១

ជារួមមកយើងសង្កេតឃើញថា ពិធីបួងសួងសុំទឹកភ្លៀងនៅទីនេះជារឿងរបស់សហគមន៍ទាំងមូលតែម្តង ដ្បិតអ្នកស្រុកគ្រប់គ្នារួមដៃគ្នាធ្វើពីធីយ៉ាងសស្រាក់សស្រាំ ឯអ្នកដែលមិនបានមកចូលរួមនឹងគេទេ គេជឿថាមុខតែនឹងមានកើតហេតុផ្សេងៗពុំខានដូចជាវិលមុខក្អួតចង្អោរឈឺដៃជើងជាដើម។ គាប់ជួនជានៅពេលនោះ មានអ្នកដែលពុំបានមករួម ហើយក៏មានកើតហេតុភេទដូច្នោះមែន។

អត្ថបទយើងខ្ញុំនេះគ្រាន់តែជាការរៀបរាប់យ៉ាងសង្ខេបបំផុតនៃកិច្ចពិធីដែលធ្វើយ៉ាងវែងឆ្ងាយមួយ។ រីឯការវែកញែករកន័យនៃកាយវិការ, ពាក្យពេចន៍និងន័យទូទៅនៃកិច្ចទាំងមូល យើងខ្ញុំទុកពេលទៅខាងមុខបន្តិចដើម្បីវិភាគនិងពិចារណាឲ្យបានល្អិតល្អន់។

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៨

ចំនួនអត្ថបទ ១៧ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (រូបពណ៌ទាំងអស់) ៖ ៦​ +​​ ១២២ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៧៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០២៣

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៧

ចំនួនអត្ថបទ ១៨ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (រូបពណ៌ទាំងអស់) ៖ ៦​ +​​ ១១៤ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៧៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០២២

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៦

ចំនួនអត្ថបទ ១៧ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (រូបពណ៌ទាំងអស់) ៖ ៦​ +​​ ១២៤ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៧៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០២១

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៥

ចំនួនអត្ថបទ ១៨ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (រូបពណ៌ទាំងអស់) ៖ ៦​ +​​ ១២៥ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០២០

អាហារនៅជនបទអង្គរ

ដោយ អាំង ជូលាន
យសោធរ, ភ្នំពេញ ២០២០
ក្របរឹង, ២០ ស.ម. x ២៦ ស.ម., ៣១០ ទំព័រ, ចំនួនរូប ៖ ៥២២
ភាសាខ្មែរនិងបារាំងទល់គ្នា
ISBN-13: 978-99249-394-0-5

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៤

ចំនួនអត្ថបទ ១២ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១០០ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០១៩

មូលដ្ឋានរៀនខ្មែរបុរាណ២០១៨

ដោយ អាំង ជូលាន
យសោធរ, ភ្នំពេញ
ផ្សព្វផ្សាយលើកទី១ ៖ ២០១៣ (អស់ពីឃ្លាំង)
ផ្សព្វផ្សាយលើកទី២ ៖ ២០១៨
vii + ២៨២ ទំព័រ
ISBN: 978-99963-818-0-5

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៣

ចំនួនអត្ថបទ ២០ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១០៤ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០១៨

ដំណើរជីវិតមនុស្សខ្មែរមើលតាមពិធីឆ្លងវ័យ

ដោយ អាំង ជូលាន, ព្រាប ចាន់ម៉ារ៉ា, ស៊ុន ចាន់ដឹប
ផ្សព្វផ្សាយដោយ យសោធរ,​ ភ្នំពេញ​ ២០១៤
ចំនួនទំព័រ (អត្ថបទនិងរូប) ៖ ១១១
តម្លៃ ៖ ២៨០០០រៀល ឬ ៧ ដុលា្លរ, ISBN: 978-99950-895-0-4

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១១

ចំនួនអត្ថបទ ១៩ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១២០ ទំព័រ
តម្លៃ ៖ ១២០០០រៀល ឬ ៣ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០១៦

មូលដ្ឋានរៀនខ្មែរបុរាណ

ដោយ អាំង ជូលាន
ផ្សព្វផ្សាយដោយ យសោធរ,​ ភ្នំពេញ​ ២០១៣
vii + ២៨២ ទំព័រ
ISBN: 978-99963-818-0-5

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ៩

ចំនួនអត្ថបទ ២៩ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១៥០ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយ យសោធរ,​ ភ្នំពេញ​ ២០១៤

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១០

ចំនួនអត្ថបទ ២០ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១០០ ទំព័រ
តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០១៥

  • អំពីយើង
  • ទំនាក់ទំនង
  • បាឋកថា
  • ឧទ័យ
  • KhmeRenaissance
  • សៀវភៅ
Flag Counter

share on:

© Yosothor.org 2017. All right reserved