• Home
  • Contact Us
  • Links
  • Sponsorship
  • Register
Logo
logo
Logo
  • អត្ថបទថ្មីៗ
  • ពីនិពន្ធនាយក
  • ជំពូក១ ៖ របរចិញ្ចឹមជីវិត, ឧបករណ៍
  • ជំពូក២ ៖ ជំនឿ, ទំនៀមទម្លាប់
  • ជំពូក៣ ៖ សិល្បៈ , អក្សរសាស្រ្ត
  • ជំពូក៤ ៖ មរតកបុរាណ, ប្រវត្តិសាស្រ្ត
  • ជំពូក៥ ៖ ភូមិសាស្រ្ត, បរិស្ថាន, ធម្មជាតិ
  • ជំពូក៦ ៖ សម្រង់, ភាសាសាស្រ្ត
  • ជំពូក៧ ៖ សម្លេង, កុន

ព្រះពិស្ណុលោក

ដោយ អាំង ជូលាន និង អន រស្មី

យើងពុំអាចអះអាងច្បាស់ប្រាកដថា ប្រាសាទអង្គរវត្តដែលជនជាតិខ្មែរ ព្រមទាំងពិភពលោកទាំងមូលស្គាល់នោះ មានឈ្មោះដើមថាយ៉ាងដូចម្តេចទេ។ ប៉ុន្តែបើធ្វើជាសមតិកម្មក្នុងលក្ខណៈស្រាវជ្រាវ ប្រហែលជាអាចធ្វើទៅបាន ដ្បិតមូលដ្ឋាននឹងយកមកនិយាយហាក់ដូចជាមានគ្រប់គ្រាន់ល្មមសមគួរ ពោលគឺពុំមែននិយាយតាមអំពើចិត្ត។ ដែលគេដឹងច្បាស់ប្រាកដនោះ គឺថាព្រះបាទសូរ្យវរ្ម័នទី២ ជាអ្នកកសាងប្រាសាទនេះទទួលមរណនាមថា “ព្រះបរមវិស្ណុលោក” ក្រោយពីព្រះអង្គសោយទិវង្គតទៅភ្លាម។ មរណនាមនេះមានចារជាអក្សរថ្មផ្ទាល់នៅអង្គរវត្តតែម្តង។ មកដល់ត្រឹមនេះយើងអាចស្មានព្រាលៗថា មរណនាមនេះអាចជាឈ្មោះនៃប្រាសាទអង្គរវត្តដែរ ដោយឃើញទម្លាប់បែបនេះនៅតាមប្រាសាទឯទៀតដ៏ច្រើន។ ឧទាហរណ៍ ប្រាសាទព្រះគោនៅតំបន់រលួស កាលជំនាន់បុរាណមានឈ្មោះថា វ្រះបរមេឝ្វរ (“ព្រះបរមេសូរ”) ដែលជាមរណនាមនៃព្រះបាទជ័យវរ្ម័នទី២ ដ្បិតព្រះរូបដែលសំខាន់ជាងគេនៅទីនោះ កាលជំនាន់នោះ គឺរូបសំណាកព្រះរាជាអង្គនេះឯង ដែលគេឆ្លាក់ឡើងក្នុងទម្រង់ជាព្រះឥសូរ។ ជួនកាលពុំចាំបាច់មរណនាមឡើយ គឺគេយកព្រះនាមព្រះរាជាពេលនៅមានព្រះជន្មទៅភ្ជាប់នឹងឈ្មោះទេពណាមួយ ដែលព្រះអង្គគោរពបូជាជាធំ ដើម្បីដាក់ឈ្មោះប្រាសាទដែលព្រះអង្គបានសាងឡើងសម្រាប់កិច្ចបូជានោះ។ ឧទាហរណ៍ ប្រាសាទបាគងក្នុងតំបន់រលួសដដែល មានឈ្មោះនៅជំនាន់នោះថា ឥន្ទ្រេឝ្វរ (“ឥន្ទ្រេសូរ”) ពោលគឺ ឥន្ទ្រ ដែលជាព្រះនាមនៃព្រះរាជាដែលសាងប្រាសាទបាគងនោះ បូកនឹង ឦស្វរ ដែលសព្វថ្ងៃយើងថា “ឥសូរ”។ បើយកបែបឧទាហរណ៍ទីពីរនេះមកនិយាយគឺច្រើនសន្ធឹកសន្ធាប់ណាស់ តែយើងគួរត្រឡប់មកអង្គរវត្តវិញ។

នៅប្រាសាទអង្គរវត្តតែម្តងមានសិលាចារឹកចំនួនប្រមាណ៤០ ដែលចារពីស.វ.ទី១៦ទៅដល់ស.វ.ទី១៨។ តែកាលណាសិលាចារឹកទាំងនោះនិយាយឈ្មោះប្រាសាទនេះ គឺគេប្រើពាក្យថា “ព្រះពិស្ណុលោក” ស្ទើរតែទាំងអស់ ពោលគឺភាគតិចបំផុតដែលប្រើពាក្យថា “ព្រះអង្គរវត្ត”។ បើយករាជ្យព្រះបាទអង្គច័ន្ទមកនិយាយ គឺជំនាន់នោះគេនៅចាំថានរណាជាអ្នកសាង ដ្បិតសិលាចារឹកពីរ ដែលមួយចារនៅគ.ស.១៥៤៦ និងមួយទៀតគ.ស.១៥៦៤ មាននិយាយព្រះនាមព្រះរាជាដែលបានសាងថា វ្រះបាទមហាវិឝ្ណុលោក និងមួយទៀតគេសរសេរ ព្រះបាទមហាពិឝ្ណុលោក គឺសំដៅព្រះនាមព្រះរាជាតែមួយនោះឯង។ ដូច្នេះ បើយើងយកមរណនាម កាលនៅស.វ.ទី១២មកប្រៀប យើងឃើញថា បរម (ស.វ.ទី១២) និង មហា (ស.វ.ទី១៦) គ្រាន់តែជាពាក្យដាក់ពីមុខប៉ុណ្ណោះ រីឯពាក្យដែលសំខាន់នោះគឺ វិឝ្ណុលោក (ពិស្ណុលោក) ពោលគឺឈ្មោះអង្គរវត្តដែលហៅនៅសម័យកណ្តាលនោះតែម្តង។

យើងដឹងគ្រប់គ្នាហើយថា កាលដែលសាងនោះ អង្គរវត្តជាបូជនីយដ្ឋានដែលឧទ្ទិសទៅព្រះនារាយណ៍ ដោយសារព្រះបាទសូរ្យវរ្ម័នទី២គោរពប្រណិប័តន៍ទេពនេះជាធំ។ ដូច្នេះពេលនោះខ្មែរពុំកាន់ព្រះពុទ្ធសាសនាទេ ជាពិសេសពុំទាន់ស្គាល់ព្រះពុទ្ធសាសនាថេរវាទឡើយ។ តែលុះមកកាន់ថេរវាទនេះពេញលេញហើយ អង្គរវត្តនៅតែជាទីដែលពុទ្ធសាសនិកទាំងខ្មែរ ទាំងបរទេសមកគោរពពីគ្រប់ទិសទី។ តើអង្គរវត្តនៅសម័យ ដែលហៅថាសម័យកណ្តាលនោះជាអ្វី?

នេះជាសម្រង់សិលាចារឹកមួយដែលចារនៅស.វ.ទី១៦៖ “ [...] មោកនាព្រះពិស្នុលោក តជាស្ថានជុំនុំនៃទេព្វតាមហាខ្សេត្រ មហាព្រហ្ម រសិហសិទ្ធិសក្ត នុទេព្វរក្ស័ បិតរគណផោង [...]” (មកនាព្រះពិស្ណុលោកដែលជាស្ថានជំនុំនៃទេព្តា មហាក្សេត្រ មហាព្រហ្ម ឫសីសិទ្ធិ និងទេពារក្ស ព្រមទាំងក្រុមព្រះបិតរផង)។ មានសិលាចារឹកមួយចំនួនច្រើនទៀតដែលនិយាយដូចគ្នា (សូមមើលរូបលេខ១-៣) ប៉ុន្តែឲ្យឧទាហរណ៍តែមួយខាងលើនេះ ក៏អ្នកអានអាចយល់ហើយថា នៅសម័យដែលខ្មែរកាន់ព្រះពុទ្ធសាសនាថេរវាទពេញទីទៅហើយនោះ ខ្មែរយល់ឃើញថា អង្គរវត្តជាទីប្រជុំ (“ស្ថានជំនុំ”) នៃទេពគ្រប់បែបយ៉ាង។

យើងខ្ញុំពុំចាំបាច់រៀបរាប់វែងឆ្ងាយឡើយ ព្រោះមានការសិក្សាច្រើនទៅហើយ ដែលជ្រួតជ្រាបទៅដល់មហាជន ហើយដែលបង្ហាញថា ប្រជាជាតិខ្មែរពុំដែលភ្លេច ឬបោះបង់ចោលប្រាសាទអង្គរវត្តម្តងណាឡើយ។ គ្រាន់តែសូមរំលឹកថា បើយើងមើលសិលាចារឹករវាងប្រមាណ៤០ ដែលនិយាយពីលើមកនេះ យើងឃើញថានៅសម័យកណ្តាល មនុស្សមកអង្គរវត្ត ឬព្រះពិស្ណុលោក ដើម្បី “សំពះ” ពោលគឺមកគោរពប្រណិប័តន៍ដោយបំពេញកិច្ចអ្វីមួយជាកុសល មានកិច្ចបួស, សាងប្រតិមា, ប្រោសខ្ញុំជាដើម។ សព្វថ្ងៃការប្រោសខ្ញុំលែងមានទៀតហើយនៅក្នុងទំនៀមខ្មែរ ដូច្នេះជាការធម្មតាទេដែលយើងពុំឃើញមាននៅអង្គរវត្តទៀត។ ប៉ុន្តែកិច្ចដទៃ ដូចជាធ្វើក្បួនដង្ហែប្រទក្សិណជុំវិញតួប្រាសាទអង្គរវត្តមុននឹងទៅបំពេញកិច្ចបួសភិក្ខុ ឬសាមណេរនៅតាមវត្ត (រូបលេខ៤), កិច្ចកោរជុកក្មេងក្នុងពេលឆ្លងមកក្នុងវ័យជំទង់ (រូបលេខ៥-៦), ការសាងព្រះពុទ្ធរូបមកទុកនៅជាន់ព្រះពាន់ គឺនៅតែមាន ដូចឃើញនៅរូបលេខ៧-៨។ រីឯពាក្យថា “សំពះ” គឺជាពាក្យដែលប្រើនៅក្នុងសិលាចារឹក (សូមមើលរូបលេខ៩ ត្រង់បន្ទាត់ទី២) ហើយពាក្យនេះមានន័យទូលំទូលាយជាងសព្វថ្ងៃ ប្រហាក់ប្រហែលនឹងពាក្យអង់គ្លេសថា Pélgrimage ឬបរាំងសេសថា Pélerinage ដូច្នោះ។ មួយវិញទៀត ដែលហៅថាសំពះនោះ គឺមានកិច្ចក្រាបប្រណម្យពីចម្ងាយពិតប្រាកដ ដូចមានរូបលេខ១០ បង្ហាញស្រាប់។ សព្វថ្ងៃនេះទៀតសោត បើជាអ្នកស្រុកជនបទពិតប្រាកដ ដែលទៅអង្គរវត្តក្នុងគំនិតថា “បានបុណ្យ” នោះ ក៏យើងសង្កេតឃើញថា ឥរិយាបថគោរពបុរាណដ្ឋាននេះមានពិតប្រាកដ។ នៅរូបលេខ១១ យើងឃើញថាមនុស្ស ៦នាក់ មានក្មេងមានចាស់សុទ្ធតែដោះទ្រនាប់ជើងកាន់នៅដៃគ្រប់គ្នា ពេលដែលកំពុងទស្សនាក្បាច់ចម្លាក់ក្នុងបរិយាកាសយ៉ាងរីករាយ។ អ្នកទាំងនេះ មើលទៅទំនងជាអ្នកស្រែ។ បើនៅរូបលេខ១២វិញ យើងឃើញអ្នកមកទស្សនាមួយក្រុមមានឥរិយាបថគោរពដូចគ្នា តែនេះទំនងជាអ្នកផ្សារ។ យកមកផ្គុំគ្នាមកឃើញថា ខ្មែរមកពីមជ្ឈដ្ឋានផ្សេងគ្នា នៅតែមានការគោរពបុរាណដ្ឋាននេះរហូតដល់សព្វថ្ងៃ។

រូបលេខ១

រូបលេខ១

រូបលេខ៣

រូបលេខ៣

រូបលេខ៥

រូបលេខ៥

រូបលេខ៧

រូបលេខ៧

រូបលេខ៩

រូបលេខ៩

រូបលេខ១១

រូបលេខ១១

រូបលេខ២

រូបលេខ២

រូបលេខ៤

រូបលេខ៤

រូបលេខ៦

រូបលេខ៦

រូបលេខ៨

រូបលេខ៨

រូបលេខ១០

រូបលេខ១០

រូបលេខ១២

រូបលេខ១២

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៨

ចំនួនអត្ថបទ ១៧ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (រូបពណ៌ទាំងអស់) ៖ ៦​ +​​ ១២២ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៧៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០២៣

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៧

ចំនួនអត្ថបទ ១៨ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (រូបពណ៌ទាំងអស់) ៖ ៦​ +​​ ១១៤ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៧៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០២២

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៦

ចំនួនអត្ថបទ ១៧ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (រូបពណ៌ទាំងអស់) ៖ ៦​ +​​ ១២៤ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៧៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០២១

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៥

ចំនួនអត្ថបទ ១៨ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (រូបពណ៌ទាំងអស់) ៖ ៦​ +​​ ១២៥ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០២០

អាហារនៅជនបទអង្គរ

ដោយ អាំង ជូលាន
យសោធរ, ភ្នំពេញ ២០២០
ក្របរឹង, ២០ ស.ម. x ២៦ ស.ម., ៣១០ ទំព័រ, ចំនួនរូប ៖ ៥២២
ភាសាខ្មែរនិងបារាំងទល់គ្នា
ISBN-13: 978-99249-394-0-5

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៤

ចំនួនអត្ថបទ ១២ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១០០ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០១៩

មូលដ្ឋានរៀនខ្មែរបុរាណ២០១៨

ដោយ អាំង ជូលាន
យសោធរ, ភ្នំពេញ
ផ្សព្វផ្សាយលើកទី១ ៖ ២០១៣ (អស់ពីឃ្លាំង)
ផ្សព្វផ្សាយលើកទី២ ៖ ២០១៨
vii + ២៨២ ទំព័រ
ISBN: 978-99963-818-0-5

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៣

ចំនួនអត្ថបទ ២០ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១០៤ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០១៨

ដំណើរជីវិតមនុស្សខ្មែរមើលតាមពិធីឆ្លងវ័យ

ដោយ អាំង ជូលាន, ព្រាប ចាន់ម៉ារ៉ា, ស៊ុន ចាន់ដឹប
ផ្សព្វផ្សាយដោយ យសោធរ,​ ភ្នំពេញ​ ២០១៤
ចំនួនទំព័រ (អត្ថបទនិងរូប) ៖ ១១១
តម្លៃ ៖ ២៨០០០រៀល ឬ ៧ ដុលា្លរ, ISBN: 978-99950-895-0-4

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១១

ចំនួនអត្ថបទ ១៩ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១២០ ទំព័រ
តម្លៃ ៖ ១២០០០រៀល ឬ ៣ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០១៦

មូលដ្ឋានរៀនខ្មែរបុរាណ

ដោយ អាំង ជូលាន
ផ្សព្វផ្សាយដោយ យសោធរ,​ ភ្នំពេញ​ ២០១៣
vii + ២៨២ ទំព័រ
ISBN: 978-99963-818-0-5

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ៩

ចំនួនអត្ថបទ ២៩ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១៥០ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយ យសោធរ,​ ភ្នំពេញ​ ២០១៤

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១០

ចំនួនអត្ថបទ ២០ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១០០ ទំព័រ
តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០១៥

  • អំពីយើង
  • ទំនាក់ទំនង
  • បាឋកថា
  • ឧទ័យ
  • KhmeRenaissance
  • សៀវភៅ
Flag Counter

share on:

© Yosothor.org 2017. All right reserved