• Home
  • Contact Us
  • Links
  • Sponsorship
  • Register
Logo
logo
Logo
  • អត្ថបទថ្មីៗ
  • ពីនិពន្ធនាយក
  • ជំពូក១ ៖ របរចិញ្ចឹមជីវិត, ឧបករណ៍
  • ជំពូក២ ៖ ជំនឿ, ទំនៀមទម្លាប់
  • ជំពូក៣ ៖ សិល្បៈ , អក្សរសាស្រ្ត
  • ជំពូក៤ ៖ មរតកបុរាណ, ប្រវត្តិសាស្រ្ត
  • ជំពូក៥ ៖ ភូមិសាស្រ្ត, បរិស្ថាន, ធម្មជាតិ
  • ជំពូក៦ ៖ សម្រង់, ភាសាសាស្រ្ត
  • ជំពូក៧ ៖ សម្លេង, កុន

រឿងរាមកេរ្តិ៍និងឥទ្ធិពលនៅក្នុងកិច្ចពិធី

ដោយ អាន សុភត្រា

សេចក្តីដែលនឹងសង្ខេបខាងក្រោមនេះ ខ្ញុំស្រង់គំនិតពីការងារស្រាវជ្រាវមួយដែលខ្ញុំបានធ្វើឡើងនៅស្រុកភូមិខ្លះៗនៅតំបន់ខាងកើតក្បែរក្រុងភ្នំពេញ។ អាស្រ័យហេតុនេះ ការសង្កេតទាំងអម្បាលម៉ានពុំមានន័យថាច្បាស់ជាត្រូវគ្នានឹងគ្រប់តំបន់នៃប្រទេសកម្ពុជាទាំងមូលឡើយ។

សិលាចារឹកភាសាសំស្ក្រឹតនៅសម័យបុរាណ រាប់តាំងពីស.វ.ទី៧មក (មានសិលាចារឹកវាលកន្ទេលជាដើម) តែងមាននិយាយអ្វីៗដែលធ្វើឲ្យយើងដឹងថាពេលនោះរឿងរាមាយណជ្រួតជ្រាបក្នុងអារ្យធម៌ខ្មែររួចទៅហើយ។ រីឯចម្លាក់រូបលើថ្មវិញក៏ដូចគ្នា។ ក្នុងចំណោមប្រតិមាដែលមកពីតំបន់ភ្នំដា (ស.វ. ទី៦-៧) គេឃើញមានរូបព្រះរាម, ព្រះពលរាមជាដើម ហើយរូបទាំងនេះពុំមែនគ្រាន់តែជាតួអង្គរឿងអ្វីមួយធម្មតាឡើយ តែសុទ្ធសឹងជាទេព ដ្បិតរាមាយណមិនមែនជារឿងដែលគ្រាន់តែនិយាយឲ្យស្តាប់តគ្នាក្នុងលក្ខណៈជាអក្សរសាស្ត្រឬការកំសាន្តធម្មតាឡើយ ឧទាហរណ៍មុននឹងនិយាយរឿងនេះ អ្នកនិយាយត្រូវអុជធូបជាមុនសិន រីឯអ្នកស្តាប់ក៏រៀបចំឥរិយាបទខ្លួនស្រគត់ស្រគំផ្ចង់ស្តាប់ ឥតមាននិយាយស្តីអ្វីជាការលេងសើចឡើយ។ តែសេចក្តីរៀបរាប់រឿងទាំងស្រុងដែលមាននៅសម័យបុរាណនោះពុំមកដល់ដៃយើងនៅសម័យថ្មីនេះឡើយ ដ្បិតអត្ថបទវែងដូច្នោះគេចារតែលើក្រាំងគម្ពីរផ្សេងៗដែលខូចខាតអស់ទៅតាមពេលវេលា។ ច្បាប់សរសេរចាស់បំផុតដែលយើងមានសព្វថ្ងៃគ្រាន់តែជាការចម្លងទុកតៗគ្នាពីសេចក្តីនិទានដែលគេស្គាល់នៅស.វ.ទី១៦-១៧ប៉ុណ្ណោះ។ នៅសម័យនោះខ្មែរហៅរាមាយណថា «រាមកេរ្តិ៍» រួចទៅហើយ។ តែយើងត្រូវយល់ថាក្រៅពីច្បាប់សរសេរ ការនិទានតាមមាត់វិញនោះច្បាស់ជាមានច្រើនបែបយ៉ាង ហើយខុសគ្នាខ្លះៗពីតំបន់មួយទៅតំបន់មួយ ឬអាចថាពីអ្នកនិទានមួយទៅអ្នកនិទានមួយទៀតផង។ បើនិយាយពីទសវត្សថ្មីៗកន្លងមកនេះ គ្រាន់តែសេចក្តីនិយាយដែលអ្នកស្រាវជ្រាវបានកត់ត្រាទុក ឃើញថាជាទូទៅគេស្គាល់សេចក្តី៣យ៉ាងដែរ ៖ រាមកេរ្តិ៍ដែលនិទានដោយតាចក់នៅខេត្តសៀមរាប, ដោយតាគ្រុឌនៅខេត្តកំពង់ចាម និងដោយតាសយនៅខេត្តកណ្តាល។ ក្រៅពីនេះ ច្បាស់ជាមានចាស់ៗជាអ្នកចេះហើយធ្លាប់និយាយរឿងដដែលនេះខុសៗគ្នាច្រើនទៅទៀត តែដែលអ្នកស្រាវជ្រាវពុំបានចាប់អារម្មណ៍។

ដោយសាររាមកេរ្តិ៍ជាអក្សរសាស្ត្រ ក្រៅពីការកត់ត្រាលើក្រាំងគម្ពីរនានា គេក៏យកឈុតផ្សេងៗនៃរឿងនេះមកលេងជាល្ខោនដែរ តែល្ខោននោះមានលក្ខណៈជាកិច្ចពិធីផង គឺថាពុំមែនគ្រាន់តែមើលកំសាន្តប៉ុណ្ណោះឡើយ។ ពីមុននេះបន្តិច នៅខេត្តសៀមរាបមានក្រុមល្ខោនលេងរឿងរាមកេរ្តិ៍ដែលប្រើផ្ទាំងស្បែកដើម្បីបង្ហាញតួអង្គព្រមទាំងសាច់រឿង ហើយដែលគេហៅថា «ស្បែកធំ» ឬ «ណាំងស្បែក»។ ជាអកុសលសព្វថ្ងៃនេះលែងមានផ្ទាំងស្បែកពេញលេញគ្រប់ចំនួន រីឯការសម្តែងក៏ដាច់ចេញពីបរិបទសាសនាទៅហើយ។ ចំណែកល្ខោនប្រភេទម្យ៉ាងទៀតហៅថា «ល្ខោនខោល» ថ្វីដ្បិតតែលែងថ្កុំថ្កើងដូចនៅសម័យមុនសង្រ្គាម ក៏គង់នៅមានជីវិតនៅឡើយ។ ខ្ញុំបាននិយាយពីលើមកថាការស្រាវជ្រាវរបស់ខ្ញុំធ្វើឡើងនៅតំបន់ខាងកើតក្រុងភ្នំពេញ ដូច្នេះខ្ញុំបានឃើញក្រុមល្ខោនខោលដែលមានពីយូរមកហើយនៅវត្តស្វាយអណ្តែត ក្នុងស្រុកល្វាឯម ខេត្តកណ្តាល (រូបលេខ១)។ ល្ខោននោះតែងលេងទៀងទាត់ជាកិច្ចនៅពេលចូលឆ្នាំជាដើម ក្រៅពីនោះអាចលេងនៅឆ្នាំណាដែលមានការរាំងស្ងួតយូរថ្ងៃទៀតផង។ ពុំត្រឹមតែល្ខោនប៉ុណ្ណោះឡើយ វត្តនេះមានអ្នកតាល្បីល្បាញមួយឈ្មោះ «អ្នកតាកំហែង» ដែលជារូបហនុមាន ដ្បិតតាំងពីសម័យកណ្តាលមកគេតែងហៅហនុមានថា «កំហែង» ដូច្នេះ។ រោងល្ខោនត្រូវស្ថិតនៅចំមុខរោងអ្នកតាកំហែងតែម្តង សឲ្យឃើញអំពីសារសំខាន់នៃហនុមាន។ ដូច្នេះហើយបានជាមកទល់ពេលថ្មីៗនេះ វត្តស្វាយអណ្តែតធ្លាប់មានខ្ទមអ្នកតាកំហែងពីរកន្លែង គឺមួយនៅទិសអាគ្នេយ៍ព្រះវិហារ (រូបលេខ២) ឯមួយទៀតនៅទល់មុខរោងល្ខោនតែម្តង។ តែថ្មីៗនេះមានមនុស្សមកសង់ផ្ទះបំពានមក លើទីដីវត្ត ពោលគឺមករើរោងអ្នកតាមុខរោងល្ខោនចេញហើយសង់ផ្ទះលើនោះ។ ទោះជាដូច្នេះក្តី មុននឹងលេងល្ខោន គេតែងសង់រោងបណ្តោះអាសន្ននៅមុខរោងល្ខោនដើម្បីដម្កល់មុខហនុមានមួយរយៈ (រូបលេខ៣)។

រូបលេខ១

 រូបលេខ២

រូបលេខ២

 រូបលេខ៣

រូបលេខ៣

អ្នកតាកំហែងនេះមាននៅតាមវត្តផ្សេងៗទៀតក្នុងតំបន់ដែលខ្ញុំសិក្សា ឧទាហរណ៍នៅវត្តកៀនស្វាយ ក្នុង (រូបលេខ៤) និងវត្តកៀនស្វាយក្រៅ (រូបលេខ៥)។ នាបច្ចុប្បន្ននេះ យ៉ាងហោចណាស់ក៏នៅមានវត្តកៀនស្វាយក្នុងដែរដែលគេតែងឡើងអ្នកតាកំហែងទៀងទាត់តាមកិច្ចនានាប្រចាំឆ្នាំផង និងតាមទេសកាលផ្សេងៗទៀតផង។ អមនុស្សដែលចូលមកសន្ថិតក្នុងរូបនោះ គេជឿថាពុំគឺនរណាក្រៅពីលោកតាកំហែង ពោលគឺហនុមាននោះឡើយ។ ដូច្នោះហើយបានជាគេធ្វើបង្គោលពីរអំពីឬស្សីហៅថា «រ៉ាវ» (រូបលេខ៦) ដើម្បីឲ្យរូបនោះឡើងទៅដល់ចុងលោតទៅវិញទៅមកពីបង្គោលមួយទៅបង្គោលមួយហាក់ដូចជាសត្វស្វានៅលើដើមឈើលោតពីមែកមួយទៅមែកមួយដូច្នោះដែរ។ ទោះបីជាសព្វថ្ងៃនេះលែង «ឡើងរ៉ាវ» ដូចមុនទៀតហើយ ក៏រ៉ាវនោះត្រូវតែធ្វើឡើងនៅមុខរោងអ្នកតាកំហែងដដែល មិនតែប៉ុណ្ណោះទោះជាចាស់ឬមិនចាស់ ក៏ត្រូវតែរៀបចំធ្វើសាថ្មីសម្រាប់ពេលចូលឆ្នាំម្តងនិងពេលភ្ជុំបិណ្ឌម្តងទៀត។

ពុំតែប៉ុណ្ណោះឡើយ រូបកំហែង-ហនុមាននេះតែងឃើញមានជាប់នឹងទូកប្រណាំងនៅតាមវត្តផ្សេងៗក្នុងតំបន់ដែលលើកមកនេះ ថែមទាំងមានឈ្មោះនៅជាប់លើនោះផង។ ឧទាហរណ៍មានឈ្មោះថា «កំហែង បរមី» ឬ «កំហែងកុមារមហាហង្សសែនជ័យ» ជាដើម។

រូបលេខ៤

រូបលេខ៤

រូបលេខ៥

រូបលេខ៥

រូបលេខ៦

ជាទីបញ្ចប់នៃអត្ថបទខ្លីនេះ ខ្ញុំចង់ចែករំលែកជាមួយអ្នកអាននូវចំណុចមួយដែលខ្ញុំយល់ថាគួរលើក យកមកពិចារណា ហើយដែលខ្លួនខ្ញុំក៏ពុំទាន់មានចម្លើយពិតប្រាកដ។ ចំណុចនោះគឺសារសំខាន់ពិសេសនៃតួអង្គរាពណ៍ដែលគេតែងហៅថា «ទសមុខ» (ប្រែថាមុខ១០)។ ជាធម្មតាមនុស្សម្នាទូទៅតែងចាត់ក្រុងរាពណ៍ថាជាតួអង្គអាក្រក់ សូម្បីតែនៅសិលាចារឹកសម័យបុរាណក៏មានបង្ហាញថាដូច្នោះដែរ ដូចជាការប្រៀបធៀបក្សត្រមួយអង្គនៅប្រទេសចម្ប៉ាដែលមកវាយលុកប្រទេសកម្ពុជាទៅនឹងក្រុងរាពណ៍។ ប៉ុន្តែនៅតំបន់ដែលនិយាយសព្វថ្ងៃនេះ ក្នុងចំណោមតួអង្គរឿងរាមកេរ្តិ៍ទាំងមូល មានតែពីរទេដែលលេចមុខធ្លោដោយសារគេគោរព គឺកំហែងនិងទសមុខ មានន័យថាហនុមាននិងរាពណ៍ សូម្បីតែព្រះរាមដែលឲ្យឈ្មោះដល់រឿងនោះក៏មិនសំខាន់អ្វីប៉ុន្មានដែរ។ ពីលើមកនេះយើងបានឃើញសារ- សំខាន់នៃហនុមាន បន្ទាប់ទៅនេះខ្ញុំនឹងបង្ហាញឧទាហរណ៍មួយពីរនៃសារសំខាន់របស់ក្រុងរាពណ៍។ នៅវត្តកៀនស្វាយក្រៅមានគេមកសង់អាគារមួយដែលគេហៅថា «ប្រាសាទ» នៅទីកន្លែងរោងទសមុខចាស់ ហើយដាក់ឈ្មោះថា «ប្រាសាទលោកតាទស្សបារមីមុខដប់» (រូបលេខ៧) ដែលមនុស្សតែងមកធ្វើបុណ្យបន់ស្រន់ (រូបលេខ៨)។ បើត្រឡប់ទៅវត្តស្វាយអណ្តែតនៅត្រើយម្ខាងដែលនិយាយពីមុននោះវិញ កាលពីមុនបាក់ច្រាំងទន្លេ មានខ្ទមអ្នកតាមួយទៀតហៅថា «អ្នកតាទសមុខ»។ ក្រោយពីបាក់ច្រាំងទន្លេខ្ទមនោះក៏បាត់បង់ទៅ តែគ្រួសារមួយជាអ្នកស្រុកចាស់ ហើយដែលពាក់ព័ន្ធនឹងទំនៀមសម្តែងល្ខោនក៏សាងខ្ទមអ្នកតាទសមុខនោះនៅក្នុងដីផ្ទះរបស់ខ្លួនតែម្តង (រូបលេខ៩) ព្រោះគេជឿថាបើពុំដូច្នោះទេនឹងកើតហេតុភេទមិនល្អ។ ក្នុងខ្ទមនោះយើងឃើញមានមុខពីរ គឺមួយជាឥសីដែលជា «គ្រូល្ខោន» និងមួយទៀតជារូបទសមុខ (រូបលេខ១០)។

រូបលេខ៧

រូបលេខ៧

រូបលេខ៩

រូបលេខ៩

រូបលេខ៨

រូបលេខ៨

រូបលេខ១០

រូបលេខ១០

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៨

ចំនួនអត្ថបទ ១៧ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (រូបពណ៌ទាំងអស់) ៖ ៦​ +​​ ១២២ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៧៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០២៣

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៧

ចំនួនអត្ថបទ ១៨ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (រូបពណ៌ទាំងអស់) ៖ ៦​ +​​ ១១៤ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៧៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០២២

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៦

ចំនួនអត្ថបទ ១៧ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (រូបពណ៌ទាំងអស់) ៖ ៦​ +​​ ១២៤ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៧៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០២១

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៥

ចំនួនអត្ថបទ ១៨ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (រូបពណ៌ទាំងអស់) ៖ ៦​ +​​ ១២៥ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០២០

អាហារនៅជនបទអង្គរ

ដោយ អាំង ជូលាន
យសោធរ, ភ្នំពេញ ២០២០
ក្របរឹង, ២០ ស.ម. x ២៦ ស.ម., ៣១០ ទំព័រ, ចំនួនរូប ៖ ៥២២
ភាសាខ្មែរនិងបារាំងទល់គ្នា
ISBN-13: 978-99249-394-0-5

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៤

ចំនួនអត្ថបទ ១២ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១០០ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០១៩

មូលដ្ឋានរៀនខ្មែរបុរាណ២០១៨

ដោយ អាំង ជូលាន
យសោធរ, ភ្នំពេញ
ផ្សព្វផ្សាយលើកទី១ ៖ ២០១៣ (អស់ពីឃ្លាំង)
ផ្សព្វផ្សាយលើកទី២ ៖ ២០១៨
vii + ២៨២ ទំព័រ
ISBN: 978-99963-818-0-5

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៣

ចំនួនអត្ថបទ ២០ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១០៤ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០១៨

ដំណើរជីវិតមនុស្សខ្មែរមើលតាមពិធីឆ្លងវ័យ

ដោយ អាំង ជូលាន, ព្រាប ចាន់ម៉ារ៉ា, ស៊ុន ចាន់ដឹប
ផ្សព្វផ្សាយដោយ យសោធរ,​ ភ្នំពេញ​ ២០១៤
ចំនួនទំព័រ (អត្ថបទនិងរូប) ៖ ១១១
តម្លៃ ៖ ២៨០០០រៀល ឬ ៧ ដុលា្លរ, ISBN: 978-99950-895-0-4

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១១

ចំនួនអត្ថបទ ១៩ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១២០ ទំព័រ
តម្លៃ ៖ ១២០០០រៀល ឬ ៣ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០១៦

មូលដ្ឋានរៀនខ្មែរបុរាណ

ដោយ អាំង ជូលាន
ផ្សព្វផ្សាយដោយ យសោធរ,​ ភ្នំពេញ​ ២០១៣
vii + ២៨២ ទំព័រ
ISBN: 978-99963-818-0-5

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ៩

ចំនួនអត្ថបទ ២៩ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១៥០ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយ យសោធរ,​ ភ្នំពេញ​ ២០១៤

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១០

ចំនួនអត្ថបទ ២០ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១០០ ទំព័រ
តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០១៥

  • អំពីយើង
  • ទំនាក់ទំនង
  • បាឋកថា
  • ឧទ័យ
  • KhmeRenaissance
  • សៀវភៅ
Flag Counter

share on:

© Yosothor.org 2017. All right reserved