• Home
  • Contact Us
  • Links
  • Sponsorship
  • Register
Logo
logo
Logo
  • អត្ថបទថ្មីៗ
  • ពីនិពន្ធនាយក
  • ជំពូក១ ៖ របរចិញ្ចឹមជីវិត, ឧបករណ៍
  • ជំពូក២ ៖ ជំនឿ, ទំនៀមទម្លាប់
  • ជំពូក៣ ៖ សិល្បៈ , អក្សរសាស្រ្ត
  • ជំពូក៤ ៖ មរតកបុរាណ, ប្រវត្តិសាស្រ្ត
  • ជំពូក៥ ៖ ភូមិសាស្រ្ត, បរិស្ថាន, ធម្មជាតិ
  • ជំពូក៦ ៖ សម្រង់, ភាសាសាស្រ្ត
  • ជំពូក៧ ៖ សម្លេង, កុន

សំពះព្រះខែ

ដោយ អាំង ជូលាន

ក្នុងទំនៀមទ្វាទសមាសមានពិធីមួយដែលគេប្រារឰឡើងនៅថ្ងៃពេញបូណ៌មី ខែកត្តឹក ដែលហៅថា “អកអំបុក សំពះព្រះខែ”។ បើនៅក្រុងភ្នំពេញផងគេភ្ជាប់ពិធីនេះទៅនឹងបុណ្យអុំទូក បណ្តែតប្រទីបទៀត ដ្បិតទឹកទន្លេសាបដែលកំពុងហូរខ្លាំងបញ្ច្រាសមកក្រោមវិញ ក៏នៅទីនោះស្រាប់។

ស្តាប់មួយភ្លែតទៅអកអំបុកនិងសំពះព្រះខែ ហាក់ដូចជារឿងពីរដាច់ដោយឡែកពីគ្នា គួឲ្យឆ្ងល់ថា ហេតុអ្វីក៏យកមកបញ្ចូលគ្នា? ដំបូងគួរយើងយកពាក្យថា “អំបុក” មកគិត។ ដើម្បីមានអំបុកទាល់តែមានស្រូវថ្មី ហើយដើម្បីមានស្រូវថ្មី ទាល់តែទើបនឹងច្រូតហើយមិនយូរប៉ុន្មាន។ បើយើងគិតទៅពាក់កណ្តាលខែកត្តឹកឃើញថា បើរបបភ្លៀងមានជាប្រក្រតី ហើយស្រែភាគច្រើនទូទៅនិយមស្រូវធ្ងន់ជាធម្មតាដូចទំនឹមទំនៀមពីបុរាណរៀងមក គឺថាពេលនោះជាពេលដែលគេចាប់ផ្តើមច្រូតស្រូវដូច្នោះមែន។ ភ្ជាប់នឹង “អំបុក” នោះមានពាក្យថា “អក”។ គប្បីយើងពិចារណាថា ម្តេចក៏គេមិនថា ស៊ី ឬហូប ឬទទួលទានជាដើម ហើយប្រើពាក្យថា “អក” ទៅវិញ? គំនិតដែលនៅពីក្រោយនោះគឺ “សេសសល់ ហូរហៀរ” បន្តមកទៀតគឺ “សម្បូណ៌ សប្បាយ” ឥតខ្វះខាត។ រីការអកនោះគឺអក ឬបង្អកមែន ហើយជាកិច្ចទៀតផង។

និយាយពីព្រះខែម្តង។ គ្មានអ្វីប្លែកទេដែលគេធ្វើនៅពេល “ពេញបេណ៌” ព្រោះពាក្យសំស្ក្រឹត “បូណ៌” ប្រែថា “ពេញលេញ” ហើយអាចមានន័យថា “ហូរហៀរ” ដូចគ្នាដែរ។ ដូច្នេះ “អកអំបុក សំពះព្រះខែ” នោះសំដៅទៅគំនិតតែមួយទេ គឺភោគផលស្រូវដែលបានមកបរិបូណ៌។ ត្រង់នេះសូមបើកវង់ក្រចកបន្តិចថា បើយើងទៅទទួលទានបាយផ្ទះគេ ពេលយើងឆ្អែតហើយ គេនៅតែចង់ថែមឲ្យយើងទៀតដើម្បីជាការគួរសម យើងតែងឆ្លើយទៅគេវិញថា យើងទទួលទាន “បរិបូណ៌” ហើយ។

តាមពិតទៅក្នុងពិធីអកអំបុកសំពះព្រះខែដែលតែងតែធ្វើនៅតាមវត្តនោះ មានគំនិតមួយទៀតដែលទាក់ទងនឹងភោគផលស្រូវដូចគ្នា តែមិនមែនភោគផលដែលទើបនឹងបានមកថ្មីៗទេ គឺភោគផលនៅឆ្នាំក្រោយ។ ភោគផលនោះគេវិនិច្ឆ័យទៅតាមភ្លៀង ឬរបបភ្លៀងនារដូវធ្វើស្រែខាងមុខ។ ហេតុដូចនេះហើយបានជាមានកិច្ច “សម្រក់ទៀន” ដើម្បីផ្សងមើលទៅថា ឆ្នាំក្រោយដំណើរភ្លៀងយ៉ាងម៉េចដែរ។ តាមការសង្កេតមើលរបស់ខ្ញុំនៅតាមវត្តមួយចំនួនតូច អត្ថន័យទាំងអម្បាលម៉ាននៃអកអំបុកសំពះព្រះខែមានដូចៗគ្នា ប៉ុន្តែអទិភាព ឬទម្ងន់ដែលសង្កត់ទៅលើកិច្ចមួយៗនោះមិនស្មើគ្នាទេ។

ឧទាហរណ៍ទី១ ស្រង់យកពីវត្តត្រាច នៅខេត្តសៀមរាប (រូបលេខ១)។ នៅវត្តនេះឃើញហាក់ដូចជាគេឲ្យតម្លៃ ឬក៏យកចិត្តទុកដាក់ខ្លាំងទៅលើការ “អក” និង “បង្អក” ពោលគឺចាស់ៗរៀបចំឲ្យក្មេងនិងយុវជននានារីករាយនឹងកិច្ចនេះខ្លាំងណាស់ (រូបលេខ២-៥)។ ចំណែកឯការរៀបទៀនដើម្បីសម្រក់ទស្សន៍ទាយទឹកភ្លៀងទៅឆ្នាំក្រោយវិញ ឃើញថាចំនួនទៀននោះច្រើន គឺគេរៀបយ៉ាងណាឲ្យបានតែខាងច្រើនដើម្បីសន្មតថា ទាំងអស់នោះមានចំនួន១០៨ ដែលជាតួលេខមង្គលខ្លាំងណាស់នៅក្នុងទំនៀមខ្មែរដែលទទួលឥទ្ធិពលពីឥណ្ឌា។

រូបលេខ១

រូបលេខ១

រូបលេខ៣

រូបលេខ៣

រូបលេខ៥

រូបលេខ៥

រូបលេខ២

រូបលេខ២

រូបលេខ៤

រូបលេខ៤

រូបលេខ៦

រូបលេខ៦

ឧទាហរណ៍ទី២ បានមកពីវត្តព្រះធាតុ នៅភូមិខ្វាវ ក្នុងខេត្តសៀមរាបដែរ។ នៅឯនេះកិច្ចសូត្រធម៌របស់ព្រះសង្ឃធ្វើឡើងនៅក្នុងព្រះវិហារ ពុំមែននៅធ្លាវត្តទេ។ ពេលសូត្រ ព្រះសង្ឃប្រាយអំបុក (រូបលេខ៧-៨) មកលើអ្នកស្រុកចាស់ក្មេងគ្រប់គ្នា (រូបលេខ៩) ជាសញ្ញាថា ភោគផលបានសម្បូណ៌ហូរហៀរ។ ឯកិច្ចដែលធ្វើនៅក្រៅព្រះវិហារក្នុងធ្លាវត្ត ពុំឃើញមានព្រះសង្ឃនិមន្តមកទេ ឃើញតែញាតិញោមវត្តនោះ ដែលជាគ្រហស្ថ (រូបលេខ១០)។ រីឯទៀនវិញ នៅទីនេះប្រហែលជាមានឥទ្ធិពលពីព្រះបរមរាជវាំងទៅក៏មិនដឹង ដ្បិតចំនួននោះគឺ២៤ ដែលជាចំនួនខេត្តក្រុងនៃប្រទេសកម្ពុជាបច្ចុប្បន្ន (រូបលេខ១១)។ ការបង្វិលសម្រក់នោះ (រូបលេខ១២) មានដូចនៅគ្រប់ទិសទី ប៉ុន្តែគេហាក់ដូចជាមិនយកចិត្តទុកដាក់ក្នុងការព្យាករណ៍ទស្សន៍ទាយ ចង់ដឹងរបបភ្លៀងនៅឆ្នាំខាងមុខប៉ុន្មានទេ។ ម៉្យាងទៀត ក្រៅពីព្រះសង្ឃប្រាយអំបុកដែលនិយាយពីមុនមកនេះ ខ្ញុំពុំបានឃើញថាមានកិច្ចអកអំបុក ឬចំណីចំណុកដូចជាចេកជាដើមឡើយ។

រូបលេខ៧

រូបលេខ៧

រូបលេខ៩

រូបលេខ៩

រូបលេខ១១

រូបលេខ១១

រូបលេខ៨

រូបលេខ៨

រូបលេខ១០

រូបលេខ១០

រូបលេខ១២

រូបលេខ១២

ឧទាហរណ៍ទី៣ បានមកពីវត្តតាំងក្រសាំង ក្នុងភូមិក្រសាំ ខេត្តកំពង់ចាម។ នៅទីនេះ កិច្ចនិងរណ្តាប់ផ្សេងៗហាក់ដូចជាអធឹកអធមជាងវត្តពីរមុននោះ។ ថ្វីដ្បិតតែពុំឃើញមានកិច្ចអ្វីពិសេសអំពីការអកនោះឲ្យចំ ក៏នាទីនៃអំបុកមាននៅច្រើនកន្លែង។ ទីមួយ ព្រះសង្ឃនិមន្តមកធ្វើកិច្ចនៅក្រៅ លើគ្រែដែលគេរៀបនៅធ្លាវត្ត ហើយពេលសូត្រនោះឃើញថាមានប្រាយអំបុករហូត (រូបលេខ១៣)។ រីឯឧបសកឧបសិកា នៅពេលរាប់បាត្រព្រះសង្ឃបន្ទាប់មកនោះ ក៏មិនមែនដាក់បាយទៅក្នុងបត្រដែរ គឺដាក់អំបុកដដែល (រូបលេខ១៤)។ ឯអំបុកនោះក៏ពុំចប់ត្រឹមនេះទេ គឺមានគេយកទៅដាក់លាយជាមួយចេកផងក្នុងសង្ឃឹកដែលនៅជិតនោះ (រូបលេខ១៥) ដែលគេហែយកចេញទៅឆ្ងាយពីទីបុណ្យបន្តិច ក្រោយពីព្រះសង្ឃធ្វើកិច្ចរួច ដ្បិតអំបុកនិងចេកនេះជាសំណែនចំពោះពពួកអមនុស្សដែលស្រេកឃ្លានមកពីទីផ្សេងៗ។ នៅជិតកន្លែងសម្រក់ទៀន អ្នកស្រុកយកអំបុកនិងចេកមកចូលដូចគ្នា (រូបលេខ១៦) តែនៅឯនេះគឺសម្រាប់ពេលចប់កិច្ចនានាហើយ ទុកឲ្យក្មេងៗមកដណ្តើមប្រញាយគ្នាទទួលទាន (រូបលេខ១៧) ស្មើនឹងគំនិតថាអកដែរតាមមើលទៅ។ នៅវត្តនេះ សម្រក់ទៀនជាកិច្ចមួយសំខាន់ស្មើគ្នានឹងអំបុកដែរ។ បើមើលរូបលេខ១៨ យើងឃើញថា ទៀននោះមាន៥ តែគេរាប់ថាមានតែ៣ប៉ុណ្ណោះ ដ្បិតទៀន២ មានទំហំតូចៗ ដែលនៅសងខាងទៀនធំកណ្តាល ដែលគេបញ្ជាក់ថា ទៀនតូចនោះដាក់មកគ្រាន់តែឲ្យល្អមើលប៉ុណ្ណោះ។ ឫស្សីបង្វិលទៀនគេតម្លើងឲ្យសណ្តូកតាមបណ្តោយទិសជើង-ត្បូង។ ទៀនធំនៅខាងត្បូងសម្គាល់ថា “ដើមដៃ” ពោលគឺសម្រាប់សម្គាល់មើលភ្លៀងដើមឆ្នាំ, ទៀនកណ្តាលហៅថា “កណ្តាលដៃ” សម្រាប់មើលភ្លៀងកណ្តាលឆ្នាំ រីឯទៀនខាងជើង សម្គាល់ថាជា “ចុងដៃ” ពោលគឺភ្លៀងចុងឆ្នាំ។ គេបង្វិលសម្រក់នោះដោយផ្ចិតផ្ចង់ (រូបលេខ១៩) ឃើញទៀនណារលត់ភ្លាមគេប្រឹងអុជឲ្យឆេះវិញភ្លាម ដ្បិតដល់សម្រក់ចប់ហើយ គេយកស្លឹកចេកដែលក្រមួនស្រក់លើនោះមកពិនិត្យដោយយកចិត្តទុកដាក់ (រូបលេខ២០)។ ឧទាហរណ៍ខាងក្រោយនៅវត្តតាំងក្រសាំងនេះបង្ហាញថា អំបុកដែលតំណាងឲ្យឆ្នាំកន្លងទៅថ្មីៗនេះ ព្រមទាំងទៀនដែលទាក់ទងនឹងភោគផលនៅឆ្នាំក្រោយ សុទ្ធសឹងសំខាន់ប្រហាក់ប្រហែលគ្នា។

រូបលេខ១៣

រូបលេខ១៣

រូបលេខ១៥

រូបលេខ១៥

រូបលេខ១៧

រូបលេខ១៧

រូបលេខ១៩

រូបលេខ១៩

រូបលេខ១៤

រូបលេខ១៤

រូបលេខ១៦

រូបលេខ១៦

រូបលេខ១៨

រូបលេខ១៨

រូបលេខ២០

រូបលេខ២០

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៨

ចំនួនអត្ថបទ ១៧ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (រូបពណ៌ទាំងអស់) ៖ ៦​ +​​ ១២២ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៧៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០២៣

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៧

ចំនួនអត្ថបទ ១៨ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (រូបពណ៌ទាំងអស់) ៖ ៦​ +​​ ១១៤ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៧៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០២២

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៦

ចំនួនអត្ថបទ ១៧ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (រូបពណ៌ទាំងអស់) ៖ ៦​ +​​ ១២៤ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៧៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០២១

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៥

ចំនួនអត្ថបទ ១៨ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (រូបពណ៌ទាំងអស់) ៖ ៦​ +​​ ១២៥ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០២០

អាហារនៅជនបទអង្គរ

ដោយ អាំង ជូលាន
យសោធរ, ភ្នំពេញ ២០២០
ក្របរឹង, ២០ ស.ម. x ២៦ ស.ម., ៣១០ ទំព័រ, ចំនួនរូប ៖ ៥២២
ភាសាខ្មែរនិងបារាំងទល់គ្នា
ISBN-13: 978-99249-394-0-5

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៤

ចំនួនអត្ថបទ ១២ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១០០ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០១៩

មូលដ្ឋានរៀនខ្មែរបុរាណ២០១៨

ដោយ អាំង ជូលាន
យសោធរ, ភ្នំពេញ
ផ្សព្វផ្សាយលើកទី១ ៖ ២០១៣ (អស់ពីឃ្លាំង)
ផ្សព្វផ្សាយលើកទី២ ៖ ២០១៨
vii + ២៨២ ទំព័រ
ISBN: 978-99963-818-0-5

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៣

ចំនួនអត្ថបទ ២០ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១០៤ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០១៨

ដំណើរជីវិតមនុស្សខ្មែរមើលតាមពិធីឆ្លងវ័យ

ដោយ អាំង ជូលាន, ព្រាប ចាន់ម៉ារ៉ា, ស៊ុន ចាន់ដឹប
ផ្សព្វផ្សាយដោយ យសោធរ,​ ភ្នំពេញ​ ២០១៤
ចំនួនទំព័រ (អត្ថបទនិងរូប) ៖ ១១១
តម្លៃ ៖ ២៨០០០រៀល ឬ ៧ ដុលា្លរ, ISBN: 978-99950-895-0-4

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១១

ចំនួនអត្ថបទ ១៩ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១២០ ទំព័រ
តម្លៃ ៖ ១២០០០រៀល ឬ ៣ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០១៦

មូលដ្ឋានរៀនខ្មែរបុរាណ

ដោយ អាំង ជូលាន
ផ្សព្វផ្សាយដោយ យសោធរ,​ ភ្នំពេញ​ ២០១៣
vii + ២៨២ ទំព័រ
ISBN: 978-99963-818-0-5

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ៩

ចំនួនអត្ថបទ ២៩ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១៥០ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយ យសោធរ,​ ភ្នំពេញ​ ២០១៤

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១០

ចំនួនអត្ថបទ ២០ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១០០ ទំព័រ
តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០១៥

  • អំពីយើង
  • ទំនាក់ទំនង
  • បាឋកថា
  • ឧទ័យ
  • KhmeRenaissance
  • សៀវភៅ
Flag Counter

share on:

© Yosothor.org 2017. All right reserved