• aaa.jpg
  • eee.jpg
  • ddd.jpg
  • fff.jpg
  • bbb.jpg
  • ccc.jpg

១. ប្រវត្តិសង្ខេប

បើគិតជារចនាសម្ព័ន្ធទទួលស្គាល់ដោយនីតិក្រម "យសោធរ" ការបងើ្កតមួយថ្មីស្រឡាង។ តែតាមពិតរចនាសម្ព័ន្ធនេះរីកចេញពីធនធានការងារខ្លះដែលមានកន្លងមក ហើយដែលយើងខ្ញុំសូមសង្ខេបប្រវត្តិយ៉ាងខ្លីដូចតទៅ ៖

ដើមឡើយ អ្នកស្រាវជ្រាវពីរនាក់ខិតខំបង្កើតទស្សនាវដ្តីស្រាវជ្រាវវប្បធម៌ខ្មែរមួយ ដោយឲ្យឈ្មោះថា "ឧទ័យ"។ មិនយូរប៉ុន្មាន គេមើលឃើញថាចំណេះវិជ្ជាពីខ្មែរមិនត្រូវកប់នៅតែក្នុងកម្រិតខ្ពស់ ដែលមានតែមជ្ឈដ្ឋានតូចមួយក្រេបជញ្ជក់បានប៉ុណ្ណោះទេ គឺត្រូវឲ្យមានអ្វីដែលជា “សម្រាយ˝ ឲ្យមហាជនជ្រួតជ្រាបផង។ ដូច្នេះហើយក្រុមយើងក៏រីកធំឡើងជាងមុនច្រើន ហើយទាំងអស់គ្នានាំគ្នាបង្កើត "បណ្តាញព៌តមានវប្បធម៌ខ្មែរ" (KhmeRenaissance) ដែលផ្សព្វផ្សាយក្រោមរូបភាពជាវែបសាយផង ជាឯកសារបោះពុម្ពផង។ ធ្វើដូច្នេះទៅបានក៏អាស្រ័យដោយមាន ការជួយឧបត្ថម្ភពី The Japan Foundation និងអាជ្ញាធរអប្សរាក្នុងជំហានដំបូង ហើយបន្ទាប់មកដល់ឆ្នាំ២០១៩ ឧបត្ថម្ភដោយ Friends of Khmer Culture Inc.។ ធនធាននេះជាមូលដ្ឋាននាំឲ្យយើងបែកគំនិតពង្រីកវិសាលភាពការងារតទៅទៀត។ ដើម្បីសម្រេចគោលដៅនេះបានទាល់ តែមានរចនាសម្ព័ន្ធដែលមានច្បាប់ជាមូលដ្ឋាន។ នេះហើយកំណើត "យសោធរ"។

"យសោធរ" ជាអង្គការក្រៅរដ្ឋាភិបាលមិនស្វែងរកផលចំណេញជាឯកជនដែលទទួលស្គាល់ដោយក្រសួងមហាផ្ទែ។ សកម្មភាពទាំង អម្បាលម៉ានផ្តោតទៅលើវប្បធម៌និងអប់រំ។ រចនាសម្ព័ន្ធដឹកនាំមានបង្ហាញនៅអង្គការលេខខាងក្រោមនេះ។

២. រចនាសម្ព័ន្ធ

២.១. ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាលមាននាទីកំណត់ទិសដៅនិងគោលការណ៍ទូទៅដល់គណកម្មការប្រតិបត្តិ ហើយតាមដានការអនុវត្តទិសដៅនិងគោលការណ៍នោះ។ សមាសភាពក្រុមប្រឹក្សាភិបាលមានដូចតទៅ ៖

២.២. គណកម្មការប្រតិបត្តិ

គណកម្មការប្រតិបត្តិនេះមានសមាជិក៧នាក់ មានតួនាទីដូចបញ្ជាក់ក្នុងអង្គការលេខខាងលើ។

២.៣. សមាជិកសកម្ម

សមាជិកទាំងនេះមានចំនួនរវាង២០នាក់ (តួលេខនេះអាចប្តូរផ្លាស់បាន)។

២.៤. មិត្តនៃយសោធរ

អ្នកទាំងនេះសុទ្ធសឹងជាអ្នកគាំទ្រនិងផ្តល់វិភាគទានទៀងទាត់ប្រចាំឆ្នាំ។ យសោធរ សង្ឃឹមថានឹងប្រមូលចំនួនមិត្តទាំងនេះឲ្យបានជាអតិបរមា។

៣. សកម្មភាព

សកម្មភាពធំៗនៃ យសោធរ មានពីរផ្នែក៖

៣.១. រៀបចំបាឋកថា

បាឋកថាដែលមានប្រធានបទទាក់ទងនឹងវប្បធម៌ខ្មែររៀបចំឡើងដោយធ្វើសហការជាមួយសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។ បាឋកថាមានចំនួន៦ដងក្នុងមួយឆ្នាំ ហើយជាទូទៅធ្វើឡើងនៅខែមករា, មិនា, ឧសភា, កក្កដា, កញ្ញា, វិចិ្ឆកា។

៣.២. ផ្សព្វផ្សាយទស្សនាវដ្តីនិងសៀវភៅ

ការផ្សព្វផ្សាយនេះធ្វើឡើងក្រោមរូបភាពពីរ គឺបោះពុម្ពផងនិងបង្ហោះតាមវែបសាយផង។

៣.២.១. ឧទ័យ (UDAYA)

ជាទស្សនាវដ្តីស្រាវជ្រាវកម្រិតខ្ពស់ ផ្សព្វផ្សាយមួយឆ្នាំម្តង។ កន្លងមកនេះ យើងផ្សព្វផ្សាយតាមរយៈការបោះពុម្ព។ លេខទី១ផ្សាយនៅឆ្នាំ ២០០០ ហើយរហូតមកដល់លេខទី៤បានទទួលថវិកាពី The Japan Foundation និងអាជ្ញាធរអប្សរា។ ពីលេខ៥ មកលេខ១០ថវិកាបានពី Friends of Khmer Culture Inc. ។ អំណើះតទៅអង្គការ Friends of Khmer Culture នេះនឹងជួយថវិកាឲ្យបានមួយលេខតទៅទៀត ដែលផ្សព្វផ្សាយតែតាមរយៈវែបសាយប៉ុណ្ណោះ។ មកទល់ពេលនេះ លេខក្រោយបង្អស់ចេញផ្សាយនៅឆ្នាំ២០១៥។

៣.២.២. បណ្តាញពត៌មានវប្បធម៌ខ្មែរ (KhmeRenaissance)

បណ្តាញពត៌មាននេះកើតឡើងនៅឆ្នាំ២០០៥ ដែលទទួលការឧបត្ថម្ភពី Friends of Khmer Culture Inc. ហើយដែលផ្សព្វផ្សាយក្រោមរូបភាព ទាំងពីរយ៉ាង គឺបោះពុម្ពនិងបង្ហោះតាមវៃបសាយ។ ពីលេខ១០មកដល់លេខ១៤ យសោធរ ជាអ្នកផ្គត់ផ្គង់ថវិកាទាំងស្រុង។ ប៉ុន្តែចាប់ពីលេខ១៥តទៅ បណ្តាញពត៌មានយើងរៀបចំឡើងក្នុងក្របខណ្ឌនៃសហការណ៍រវាង យសោធរ និង សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។

៣.២.៣. សៀវភៅ

យើងគ្រោងនឹងផ្សព្វផ្សាយសៀវភៅដែលមានលក្ខណៈស្រាវជ្រាវនិងអប់រំឲ្យបានមួយចំណងជើងនៅរៀងរាល់២ឆ្នាំម្តង។ សៀវភៅទី១ ដែលទទួលថវិកាពី Heritage Watch មានចំណងជើងថា "មូលដ្ឋានរៀនខ្មែរបុរាណ" ហើយចេញផ្សាយនៅខែវិចិ្ឆកា ឆ្នាំ២០១៣។

៣.៣. ការស្រាវជ្រាវ

ក្នុងជំហានដំបូង ការស្រាវជ្រាវមិនទាន់ឈានទៅរកប្រធានបទធំធេងតម្រូវឲ្យមានកម្មវិធីអ្វីមួយលើសពី២ខែឡើយ។ ប្រធានបទដែលសម្រេចយក គឺតម្រូវទៅតាមគម្រោងអត្ថបទអ្វីមួយខ្លីឬមធ្យម សម្រាប់ចុះក្នុង បណ្តាញពត៌មានវប្បធម៌ខ្មែរ ឬក៏សម្រាប់ជំពូកណាមួយនៃសៀវភៅអ្វីមួយ។

៤. ប្រភពចំណូល

ប្រភពចំណូលមាន៥៖

៤.១. Friends of Khmer Culture

ចប់បេសកកម្មរបស់គេជាស្ថាពរនៅឆ្នាំ២០១៩។ ដូច្នេះជំនួយមកយសោធរក៏ចប់ដែរ។។ 

៤.២. ប្រមូលវិភាគទានប្រចាំឆ្នាំ

យើងសូមអំពាវនាវសូមជំនួយថវិកាក្នុងចំណោមបងប្អូនខ្មែរ ឬសប្បុរសជនបរទេសដែលរស់នៅក្នុងប្រទេសក្តីក្រៅប្រទេសក្តី។ ពាក្យថា “ប្រចាំឆ្នាំ˝ គ្រាន់តែកំណត់ជាគោលប៉ុណ្ណោះ តែតាមការជាក់ ស្តែងគេអាចធ្វើអំណោយថវិកានៅពេលណាក៏បានដែរ។

៤.៣. ប្រមូលវិភាគទានប្រចាំឆ្នាំពីមិត្តនៃយសោធរ

យើងកំណត់ចំនួនទឹកប្រាក់ជាអប្បបរមាអំពី "មិត្តយសោធរ" ម្នាក់ៗចំនួន ១០០.០០០រៀល (ឬ ២៥ដុល្លាអាមេរិក ឬ២០ អឺរ៉ូ)។

៤.៤. ហនុមានទេសចរណ៍

ភ្នាក់ងារទេសចរណ៍ឈ្មោះហៅថា ហនុមានទេសចរណ៍ ឧបត្ថម្ភថវិកាប្រចាំខែចំនួន២០០ដុល្លាអាមេរិក សម្រាប់ចំណាយជាប្រក្រតីក្នុងដំណើរការ យសោធរ ។

៤.៥. Museum Café 

ឧបត្ថម្ភថវិកាប្រចាំខែចំនួន១០០ដុល្លាអាមេរិក សម្រាប់ចំណាយជាប្រក្រតីក្នុងដំណើរការដូចគ្នា។

៤.៦. ថវិកាឧបត្ថម្ភបានមកពីមូលនិធិឬស្ថាប័ននានា

ថវិកានេះនឹងសូមស្នើឡើងសម្រាប់គម្រោងការងារជាក់ច្បាស់មួយមុខៗ។